ព័ត៌មានបច្ចេកវិទ្យា

មូលហេតុ ៣ យ៉ាង លោកអ្នកគួរប្តូរប្រើ​ Chrome លើ iPhone/iPad

ជាការពិតណាស់ កម្មវិធីបើកដំណើរការគេហទំព័រអិុនធើណែត Safari នៅលើទូរសព្ទដៃ iPhone របស់ក្រុមហ៊ុន Apple ត្រូវបានរចនាឡើងគួរឱ្យទាក់ទាញ។ ប៉ុន្តែ វានៅមានចំណុចមួយចំនួនដែលចាញ់ប្រៀបកម្មវិធី Chrome របស់ក្រុមហ៊ុន Google។ ក្នងនោះ Post Tech សូមលើកយកនូវ ៣ ចំណុច មកបង្ហាញជូនប្រិយមិត្តបានជ្រាបដូចខាងក្រោម៖


១- វាអាចភ្ជាប់ជាមួយកម្មវិធី Chrome លើកុំព្យូទ័រ
លោកអ្នកដែលមានកុំព្យូទ័រលើតុក្តី ឬយួរដៃក្តី ប្រហែលជាប្រើកម្មវិធី Chrome សម្រាប់ចូលទៅកាន់អាសយដ្ឋានគេហទំព័រផ្សេងៗហើយ។ បើដូច្នេះមែន គួរតែប្រើកម្មវិធីនេះលើទូរសព្ទ iPhone ដែរទៅ ព្រោះទីមួយ វាមានផ្ទាំងកម្មវិធីស្រដៀងគ្នា និងទីពីរ វានឹងធ្វើការ Sync ឬផ្ទេរ Bookmark, Browsing History, Password ជាដើម ឱ្យគ្នាទៅវិញទៅមក។ ឧទាហរណ៍ បើលោកអ្នកធ្លាប់ចូលទៅកាន់ទំព័រអិុនធើណែតមួយនៅលើកុំព្យូទ័រ លោកអ្នកក៏អាចចូលទៅកាន់ទំព័រនោះបានភ្លាមៗ នៅលើទូរសព្ទដៃ iPhone តាមរយៈការចុចចូលទៅកាន់ Recent Tab របស់វាផងដែរ។

២- ងាយស្រួលប្រើម្រាមដៃអូសបញ្ជា
កម្មវិធី Chrome ផ្តល់ភាពងាយស្រួល និងរហ័សជាង Safari ក្នុងការគ្រប់គ្រងគេហទំព័រដោយប្រើម្រាមដៃ។ ឧទាហរណ៍ ដើម្បី Refresh គេហទំព័រមួយ លោកអ្នកគ្រាន់តែយកម្រាមដៃអូសលើផ្ទៃអេក្រង់ចុះក្រោមរហូតដល់ឃើញសញ្ញា Reload លេចឡើង ខុសពី Safari ដែល​ត្រូវ​អូសចុះក្រោមរហូតដល់ឃើញរូបតាងតូចមួយ ហើយចុចលើវា។ ម្យ៉ាងទៀត ខណៈកំពុងរុញទំព័រចុះក្រោម លោកអ្នកក៏អាចយកម្រាមដៃអូសទៅលើផ្ទៃអេក្រង់ទៅខាងស្តាំដើម្បីបិទទំព័រនោះចោល ឬអូសមកខាងឆ្វេងដើម្បីបើកទំព័រថ្មីបាន ដែលនៅលើ Safari វាទាមទារឱ្យ​ចុចលើប៊ូតុង។ ជាងនេះទៅទៀត លោកអ្នកអាចអូសលើ Toolbar ខាងលើដើម្បីផ្លាស់ប្តូរពីទំព័រមួយទៅមួយបានយ៉ាងងាយស្រួលផងដែរ។

៣- វាមានមុខងារស្កេនកូដ QR
សម្រាប់ iPhone ដែលមានមុខងារ 3D Touch ងាយស្រួលបំផុតក្នុងការបើកកាមេរ៉ាដើម្បីស្កេនកូដ QR គឺគ្រាន់តែចុចសង្កត់ជាប់បន្តិចលើរូបតាងកម្មវិធី Chrome លើ Home Screen នោះមុខងារ Scan QR Code នឹងបង្ហាញឡើង ហើយនៅពេលចុចលើវា នោះវានឹងចូលដល់កាមេរ៉ាស្កេនភ្លាមៗតែម្តង។ សម្រាប់ iPhone ដែលគ្មាន 3D Touch អាចវាយពាក្យ QR Code ក្នុងប្រអប់ Search បន្ទាប់មកចុចលើជម្រើស Google Chrome ដែលបង្ហាញឡើង នោះវានឹងលោតចូលកាមេរ៉ាស្កេន QR Code ជាមិនខាន៕

មតិយោបល់