មនុស្សអាចនឹងហ៊ានធ្វើរឿងចំឡែកៗនឹកស្មានមិនដល់គ្រប់យ៉ាងដើម្បីវត្ថុដែលខ្លួនស្រឡាញ់ និងចង់បាន ទោះឋិតក្នុងទីសាធារណៈ ហើយត្រូវថតផ្សាយផ្ទាល់តាមបណ្តាញសង្គមក៏ដោយ។ ទាំងនេះ ស្តែងឡើងតាមរយៈកម្មវិធីប្រកួតប្រជែងមួយ រៀបចំឡើងនៅទីក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក ដោយអ្នកចូលរួមប្រកួតត្រូវបានតម្រូវឱ្យថើបរថយន្តមួយសេរី ត្រង់កន្លែងណាក៏បាន ឱ្យបានយូរបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីដណ្តើមយករង្វាន់រថយន្ត Kia Optima ស៊េរីថ្មីស្រឡាងមួយគ្រឿង។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយនោះទេ ដែលមានការរៀបចំប្រកួតប្រជែងថើបរថយន្តឈ្នះរង្វាន់ដូច្នេះ។ កាលពីការប្រកួតលើកមុនៗ អ្នកឈ្នះបានចំណាយពេលថើបរថយន្តអស់រយៈពេលរហូតដល់ទៅ ៥០ ម៉ោង។ ដោយឡែក ការប្រកួតលើកនេះ ត្រូវបានល្បីសុសសាយ ដោយសារតែមានការថតបង្ហោះផ្សាយផ្ទាល់តាមបណ្តាញសង្គម Facebook ហើយវាបានក្លាយជាការថតផ្សាយផ្ទាល់ដ៏សោកសៅបំផុត (The Saddest Facebook Live) ខណៈអ្នកចូលរួមមានប្រុសមានស្រីចំនួន ២០ នាក់ ដាក់បបូរមាត់ផ្អិបត្រង់ផ្នែកផ្សេងៗរបស់រថយន្ត ដោយមិនខ្វល់ពីអ្វីទាំងអស់ ហើយទោះត្រង់ណាក៏មិនសំខាន់ គឺឱ្យតែបានឈ្នះបានរថយន្ត៕
សូមទស្សនាវីដេអូផ្សាយផ្ទាល់នៃការប្រកួតតាមតំណភ្ជាប់នេះ =>https://www.facebook.com/FOX7austin/videos/1563368183704654/
ប្រភពព័ត៌មានៈ takeitgame
មតិយោបល់