ព័ត៌មានបច្ចេកវិទ្យា

(Update) ទាំងនេះ គឺជាវិធីបញ្ឈប់ iPhone មិនឱ្យដើរយឺតនៅពេលវាចាស់

លោកអ្នកនៅកំពុងប្រើប្រាស់ iPhone ចាស់ៗ ប្រហែលជាមិនចាំបាច់ឡើងស៊េរីតទៅទៀតនោះទេ ប្រសិនបើលោកអ្នកធ្វើបែបនេះ ដោយសារតែទូរសព្ទខ្លួនដើរយឺតទៅៗនោះ។ ព្រោះថា មូលហេតុពិតប្រាកដនៅពីក្រោយការថមថយល្បឿនដំណើរការរបស់ស្មាតហ្វូនអាមេរិកនេះ គឺមិនមែនដោយសារគ្រឿងម៉ាស៊ីនរបស់វាកាន់តែចាស់ កាន់តែស្ពឹកនោះទេ។

ប៉ុន្តែ ដោយសារតែអាយុកាលថ្មរបស់វា ដែល Apple បានសារភាពរួចទៅហើយថា ខ្លួនបានកាត់បន្ថយល្បឿនអង្គប្រតិបត្តិការ ទៅតាមកម្រិតធ្លាក់ចុះនៃថាមពលថ្ម ដើម្បីបញ្ជៀសបញ្ហាទូរសព្ទរលត់ដោយយថាហេតុ។ ដូច្នេះ ដើម្បីបញ្ឈប់ iPhone មិនឱ្យដើរយឺតនៅពេលវាចាស់ លោកអ្នកអាចអនុវត្តវិធីពីរខាងក្រោមនេះបាន៖

១- ផ្លាស់ប្តូរទម្លាប់សាកថ្មតាមតម្រូវចិត្តនឹកឃើញ

បច្ចុប្បន្ន មានការយល់ឃើញខុសៗគ្នាចំពោះរបៀបសាកថ្មទូរសព្ទប្រភេទស្មាតហ្វូនដើម្បីឱ្យវាអាចបន្តអាយុកាល និងកាន់ភ្លើងបានយូរបំផុត។ ទន្ទឹមនឹងនេះ អ្នកប្រើ​ប្រាស់ទូទៅភាគច្រើន គឺមិនសូវចាប់អារម្មណ៍ទៅលើរឿងនេះនោះទេ។ ពួកគេគ្រាន់តែដោត ឬដកសាកថ្មទូរសព្ទតាមចិត្តចង់ប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ទើបគេសង្កេតឃើញថា ថ្មទូរសព្ទរបស់អ្នកខ្លះកាន់ភ្លើងបានយូរ ឯរបស់អ្នកខ្លះប្រើមិនទាន់បានមួយឆ្នាំផងក៏លែងកាន់ទៅហើយ។

ចុចត្រង់នេះ ដើម្បីអានបន្ត: គួរទម្លាប់សាកថ្មស្មាតហ្វូនអ្នកយ៉ាងម៉េច ទើបឱ្យវាកាន់ភ្លើងបានយូរបំផុត?

៥ គន្លឹះនេះ អាចបង្កើនល្បឿនសាកថ្ម និងការប្រើប្រាស់បានយូរអង្វែង

២- ប្តូរថ្ម iPhone ថ្មីនៅពេលថាមពលវាចុះខ្សោយ

បច្ចុប្បន្ន នៅលើប្រព័ន្ធ iOS មានកម្មវិធីពិសេសមួយអាចជួយលោកអ្នកឱ្យដឹងពីអាយុ និងកម្រិតថាមពលថ្មទូរសព្ទ iPhone ថានៅល្អ ឬសល់កម្រិតប៉ុណ្ណាបាន ហើយវាមានឈ្មោះថា Battery Life ដែលអាចទាញយកទៅដំឡើងប្រើដោយឥតគិតថ្លៃតាម App Store។

ចុចត្រង់នេះ ដើម្បីអានបន្ត: ចង់ដឹងថ្ម iPhone កាន់ភ្លើងល្អកម្រិតណា មានអីពិបាក គ្រាន់តែ…

បញ្ជាក់: នៅពេលដែលវាបង្ហាញថា ថាមពលថ្ម iPhone លោកអ្នកធ្លាក់ដល់កម្រិតមួយអាក្រក់ហើយ លោកអ្នកចាំបាច់ត្រូវប្តូរថ្មីហើយ!

៣- គួរកុំកែប្រព័ន្ធ iOS ឡើងជំនាន់ចុងក្រោយតាម Apple (ព័ត៌មានបន្ថែម)

ក្រុមហ៊ុន Apple បានថ្លែងថ្មីៗនេះថា ខ្លួនបានចាក់បញ្ចូលកម្មវិធីទៅក្នុងកំណែប្រព័ន្ធ iOS ដើម្បីកាត់បន្ថយល្បឿនដំណើរការរបស់ម៉ាស៊ីន iPhone ដែលមានថាមពលថ្មចុះខ្សោយ តាំងពីឆ្នាំមុនមកម្លេះ ពោលគឺ ចាប់ពីជំនាន់ iOS 10.2 សម្រាប់ iPhone ម៉ូឌែល 6, 6s, និង SE។ ជាងនេះទៀត ក្រុមហ៊ុនក៏គ្រោងនឹងដាក់ចេញសម្រាប់ iPhone 7 តាមរយ:កំណែ iOS 11.2 ថ្មីផងដែរ។ មិនតែប៉ុណ្ណោះ ខ្លួនក៏គ្រោងនឹងបន្តធ្វើបែបនេះសម្រាប់ផលិតផលដទៃផ្សេងទៀតនាថ្ងៃអនាគតទៀតផង។

ដូច្នេះ លោកអ្នកដែលប្រើប្រាស់ទូរសព្ទដៃ iPhone 6, 6s, ឬ SE បើសិននៅមិនទាន់ Update ប្រព័ន្ធ iOS លើទូរសព្ទខ្លួនឡើងដល់ជំនាន់ 10.2 ទេនោះ គួរតែកុំធ្វើអី។ ដោយឡែក សម្រាប់លោកអ្នកដែលកំពុងប្រើប្រាស់ iPhone ស៊េរី 7 ឡើង គួរប្រើនៅត្រឹម iOS 11.2 បច្ចុប្បន្នទៅបានហើយ។ ពោលគឺ គួរតែ Update ប្រព័ន្ធ iOS ឡើងតែមួយជំនាន់ទៅបានហើយ ដរាបណាក្រុមហ៊ុន Apple ពុំផ្លាស់ប្តូរវិធីសាស្រ្តក្នុងការដោះស្រាយបញ្ហាទូរសព្ទរលត់ដោយសារថាមពលថ្មចុះខ្សោយទេនោះ៕

មតិយោបល់