Post News Media ព័ត៌មានបច្ចេកវិទ្យា Apple Music ន...

Apple Music នឹងអាចប្រើបានក្នុង Facebook Messenger ឆាប់ៗនេះ

នាពេលឆាប់ៗខាងមុខនេះ លោកអ្នកនឹងអាចចាក់ចម្រៀង​ស្តាប់តាមកម្មវិធី Apple Music បានដោយផ្ទាល់ក្នុងពេលកំពុងសន្ទនា ឬជជែកកម្សាន្តជាមួយមិត្តភក្តិតាមកម្មវិធី Messenger របស់បណ្តាញសង្គម Facebook។ នេះបើតាមការប្រកាសឱ្យដឹងពីក្រុមហ៊ុន Facebook ក្នុងវេទិកា F8 នៅយប់ម្សិលមិញ។

លោក David Marcus ប្រមុខកម្មវិធី Messenger នៃក្រុមហ៊ុន Facebok បានប្រកាសឱ្យដឹងថា ខ្លួនកំពុងដាក់ចេញកំណែកម្មវិធី Messenger ជំនាន់ទី ២ ដែលវាការផ្លាស់ប្តូរដ៏ធំមួយ ដោយអាចគាំទ្រការប្រើភ្ជាប់ជាមួយកម្មវិធីផ្សេងៗ ដែលហៅថា bot ហើយក្នុងនោះ ក៏មានរាប់បញ្ចូលទាំងកម្មវិធី Apple Music ផងដែរ។

នៅពេលដែលកម្មវិធី Messenger ជំនាន់ថ្មីនេះ ដាក់ចេញឱ្យប្រើប្រាស់ជាផ្លូវការ លោកអ្នកនឹងអាចចុចចូលទៅកម្មវិធី Apple Music ដែលលេចឡើងក្បែរប្រអប់សារ ដើម្បីស្តាប់ចម្រៀង ដោយមិនចាំបាច់ចាកចេញពីផ្ទាំងកម្មវិធីឆ្លើយឆ្លងសារជាមួយមិត្តភក្តិឡើយ។

ដោយឡែក សម្រាប់ព័ត៌មានលម្អិត ក៏ដូចជាកាលបរិច្ឆេទចេញ គឺមិនទាន់ត្រូវបានប្រកាសឱ្យដឹងនៅឡើយទេ បើគិតមកទល់ថ្ងៃនេះ ប៉ុន្តែ តាមការគូសបញ្ជាក់នៅឯវេទិកា F8 អ្នកប្រើប្រាស់នឹងអាចស្វែងរកចម្រៀងក្នុងកម្មវិធី Apple Music ហើយផ្ញើចូលក្នុង Chat ដើម្បីចាក់ស្តាប់រួមគ្នាជាមួយមិត្តភក្កិក្នុងនោះបាន៕

ប្រភពព័ត៌មាន: theverge

Loading...