ព័ត៌មានបច្ចេកវិទ្យា

ស្មាតហ្វូន LG ស៊េរីទាបនេះ នឹងការពារអ្នកពីសត្វមូសចង្រៃ

ខណៈក្រុមហ៊ុនស្មាតហ្វូនលំដាប់ពិភពលោក​កំពុងសម្ញែងបច្ចេកវិទ្យាទំនើបៗដាក់គ្នា ដែលមានដូចជាស្គេនមុខ ស្គេនប្រស្រីភ្នែក និងអេក្រង់គែមស្តើងជាដើមនោះ ក្រុមហ៊ុន LG បាននឹកឃើញនូវគំនិតដ៏គួរឱ្យភ្ញាក់ផ្អើលមួយ និងបញ្ចេញវា​តាម​រយៈ​ស្មាតហ្វូនតម្លៃជាង ១០០ ដុល្លារ ឈ្មោះថា K7i។

ស្មាតហ្វូនម៉ូឌែលថ្មីដែលទើបប្រកាសចេញលក់តែនៅក្នុងប្រទេសឥណ្ឌានេះ គឺមានអត្ថប្រយោជន៍ខ្លាំងណាស់នៅក្នុងការទប់ស្កាត់ការរីករាយដាលនៃមេរោគដ៏កាយសាហារដែលចម្លងតាមរយៈសត្វមូស។ ពោលគឺ LG K7i បំពាក់នូវបច្ចេកវិទ្យាកម្ចាត់មូសឈ្មោះ Ultra-sonic Mosquito Away ដែលក្រុមហ៊ុនបំពាក់ក្នុងម៉ា​ស៊ីនត្រជាក់ និងទូរទស្សន៍ LG របស់ខ្លួន។

ដោយឡែកសម្រាប់លក្ខណៈសម្បត្តិផ្នែកខាងក្នុង គឺមិនសូវជាខ្លាំងប៉ុន្មានទេ ខណៈ​វាមានតម្លៃត្រឹម ១២០ ដុល្លារ (សម្រាប់ទីផ្សារប្រទេសឥណ្ឌា) ដោយវាបំពាក់នូវអេក្រង់ HD ទំហំ ៥ អីុញ ប្រើ CPU Quad-core ល្បឿន ១.១ GHz អមជាមួយ RAM ទំហំ ២ GB និងមេម៉ូរីជាប់ម៉ាស៊ីនទំហំ ១៦ GB។ ចំពោះកាមេរ៉ាមុខ/ក្រោយវិញ គឺមានទំហំ ៥/៨ MP ដើរដោយថ្មថាមពល ២៥០០ mAh ដែលអាចដោះចេញចូលបាន។

ទោះបីជាស្មាតហ្វូនមួយម៉ូឌែលថ្មីនេះ ត្រូវបានក្រុមហ៊ុន LG រចនាឡើងសម្រាប់តែលក់ក្នុងប្រទេសឥណ្ឌាក្តី ប៉ុន្តែ យើងក៏សង្ឃឹមថា វានឹងមាននាំចូលមកប្រទេស​កម្ពុជា ឆាប់ៗខាងមុននេះផងដែរ ដោយសារតែប្រទេសយើងក៏សម្បូរទៅដោយសត្វល្អិតចម្លងមេរោគដ៏មរណៈមិនតិចនោះទេ៕

ប្រភពព័ត៌មានៈ softonic

មតិយោបល់