ក្រុមហ៊ុន Lilium Aviation បានប្រកាសដាក់សាកល្បងឡានហោះកៅអីពីរ ដើរដោយថាមពលអគ្គិសនីទាំងស្រុងរបស់ខ្លួន ជាលើកដំបូងបង្អស់ នៅថ្ងៃមិ្សលមិញ លើលំហរអាកាសនៃប្រទេសអាល្លឺម៉ង់។
ឡានហោះគំរូសម្រាប់ប្រើជាមធ្យោបាយធ្វើដំណើរសម្រាប់ថ្ងៃអនាគតនេះ មានសមត្ថភាពអាចហោះឡើង និងចុះត្រង់ ដូចឧទ្ធម្ភាគចក្រ តាមរយៈស្លាបក្រោយ និងស្លាបមុខ ដែលមានបំពាក់ជាមួយកង្ហាជាជួរៗ និងអាចបត់ចុះឡើងបាន។
អំឡុងពេលសាកល្បង ឡាននេះត្រូវបានបញ្ជាការហោះហើរពីចម្ងាយ ហើយវាត្រូវបានក្រុមហ៊ុនអះអាងថា ស៊ីថាមពលអគ្គិសនីតិចជាងឡានហោះប្រភេទដ្រូនរហូតដល់ ៩០% ដែលនេះ គឺជួយឱ្យវាអាចធ្វើដំណើរបានចម្ងាយ ៣០០ គីឡូម៉ែត្រ និងមានល្បឿនអតិបរមា ៣០០ គីឡូម៉ែត្រ/ម៉ោង។
លោក Patrick Nathen សហស្ថាបនិកក្រុមហ៊ុន Lilium Jet បាននិយាយថា ទោះបីជាឡានហោះនេះ អាចបើកបរដោយស្វ័យប្រវត្តិក្តី ប៉ុន្តែ នៅពេលប្រើប្រាស់ជាក់ស្តែង វាក៏ត្រូវមានអ្នកបញ្ជាផ្ទាល់ផងដែរ ហើយក្នុងនោះ ត្រូវមានឆ័ត្រយោង និងប្រព័ន្ធ Flight Envelop Protection ដែលនឹងការពារមិនឱ្យអ្នកបើកបរបញ្ជាវាហួសចេញពីដែនសុវត្ថិភាព។
ក្រុមហ៊ុន Lilium Jet ក៏មានគម្រោងផលិតឡានហោះប្រភេទប្រាំកៅអីផងដែរ ដើម្បីអាចបំពេញតម្រូវការនៃការធ្វើដំណើរទៅមកក្នុងទីក្រុង សម្រាប់អតិថិជនណាដែលមិនចង់ឈឺក្បាលវិលមុខចំពោះការកកស្ទះចរាចរណ៍៕
https://www.youtube.com/watch?v=szc-0pCKZz0
ប្រភពព័ត៌មានៈ theverge
មតិយោបល់