ព័ត៌មានបច្ចេកវិទ្យា

Huawei នាំយក MateBook ថ្មី ៣ ស៊េរី វាយលុកទីផ្សារអាមេរិក

កុំព្យូទ័រយួរដៃត្រកូល MateBook ចំនួន ៣ ស៊េរី ដែលមានតម្លៃប្រកួតប្រជែងខ្ពស់របស់ក្រុមហ៊ុន Huawei ដែលទើបប្រកាសចេញខែមុន នឹងនាំយកចូលក្នុងទីផ្សារសហរដ្ឋអាមេរិក ឆាប់ៗខាងមុខ។

កុំព្យូទ័រទាំង ៣ ស៊េរី នោះ រួមមានមួយឈ្មោះ MateBook E គឺជាកុំព្យូទ័រយួរដៃកាត់ថេ​ប្លេត ដែលដូចទៅនឹង MateBook ដំបូងចេញឆ្នាំមុន ប៉ុន្តែ កម្របរបស់វាប្រើត្រចៀកថ្មី អាចបត់ចុះឡើងដូចជាត្រចៀកកុំព្យូទ័រ Surface របស់ក្រុមហ៊ុន Microsoft។

ចំណែកស៊េរីមួយទៀតគឺ MateBook D វាជាប្រភេទកុំព្យូទ័រយួរដៃអេក្រង់ ១៥.៦ អីុញ និងចុងក្រោយ​ MateBook X ដែលពាំនាំមកជាមួយ Hardware ថ្មី គួរឱ្យចាប់អារម្មណ៍បំផុត ហើយវាប្រហែលជាគូប្រជែងដ៏ខ្លាំងក្លាលើស្លាកតម្លៃ ជាមួយ MacBook របស់ Apple។

បើប្រៀបធៀបជាមួយតម្លៃរបស់កុំព្យូទ័រយួរដៃ Surface សមត្ថភាពប្រហាក់ប្រហែលគ្នា​ MateBook X គឺថោកជាងរហូតដលទៅ ២០០ ដុល្លារ។ ក្រុមហ៊ុន Huawei តែងផ្តោតសំខាន់មិនត្រឹមតែតម្លៃនោះទេ ប៉ុន្តែ គុណភាពក៏ដូច្នេះដែរ។ ជាក់ស្តែង MateBook X និង​ E ស្រោបដោយលោហ:មានតម្លៃ បំពាក់អេក្រង់ គុណភាពកម្រិតខ្ពស់ ព្រមទាំងមានគែមជុំវិញស្តើងជាដើម។

១- MateBook E មានពីរជម្រើស៖

  • Intel Core m3, 4 GB RAM, 128 GB SSD, ពណ៌ប្រផេះ តម្លៃ 800 ដុល្លារ
  • Intel Core i5, 8 GB RAM, 128 GB SSD, ពណ៌មាស តម្លៃ ១០០០ ដុល្លារ

២- The MateBook D

  • Core i5, 8 GB RAM, 1TB mechanical hard drive, Nvidia 940MX graphics, ពណ៌មាសតម្លៃ 700 ដុល្លារ

៣- MateBook X មានពីរជម្រើស៖

  • Core i5, 8 GB RAM, 256 GB SSD, ពណ៌ប្រផេះ តម្លៃ 1,100 ដុល្លារ
  • Core i7, 8 GB RAM, 512 GB SSD, ពណ៌មាស តម្លៃ​ 1,300 ដុល្លារ

Huawei MateBook ស៊េរីថ្មីៗទាំងនេះ មានដាក់លក់នៅលើផ្សារអនឡាញ​ Amazon និង Newegg ហើយសម្រាប់កាលបរិច្ឆេទថ្ងៃចែកចាយលក់លើទីផ្សារ មិនទាន់ត្រូវបានប្រកាសឱ្យដឹងនៅឡើយ៕

ប្រភពព័ត៌មាន: thenextweb

មតិយោបល់