ខណៈក្រុមហ៊ុនផលិតកុំព្យូទ័រភាគច្រើនកំពុងប្រជែងការរចនាកុំព្យូទ័រយួរដៃ ឲ្យមានរាងកាន់តែស្តើង ជាមួយក្រុមហ៊ុនយក្ស Apple ក្រុមហ៊ុន Acer ស្រាប់តែបង្ហាញវត្តមានកុំព្យូទ័រសម្រាប់លេងហ្គេមកម្លាំងខ្លាំងតែមានរាងស្តើងមួយម៉ូឌែលហៅថា Predator Triton 700 ប្រជែងជាមួយនឹង MacBook Pro Touch Bar។

នៅឯសន្និសិទ្ធពិភពលោកប្រចាំឆ្នាំរបស់ក្រុមហ៊ុន កាលពីថ្ងៃ ព្រហស្បតិ៍្តមុននេះ លោក Jason Chen ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Acer បានថ្លែងថា Predator Triton 700 គឺជាកុំព្យូទ័រយួរដៃដែលមានអេក្រង់ទំហំ ១៥.៦ អ៊ីញ ប្រើប្រាស់នូវអង្គគណនាក្រាហ្វិច Daul Nvidia GTX 1080 បង្កប់ដោយអង្គញាណតាមដានក្រសែភ្នែក រួមទាំងក្តារចុចប្រភេទ Full-Keys ងាយស្រួលក្នុងការវាយបញ្ចូលទិន្នន័យ ឬឯកសារការងារផ្សងៗផងដែរ។

បើមើលទៅលើការរចនាផ្នែកខាងក្រៅ ឃើញថាតូខ្លួនរបស់វាមិនបានស្រោបទៅដោយអាលុយមីញ៉ូមទេ ហើយវាក៏មិនមានរាងស្តើងខ្លាំងដូច MacBook Pro ដែលមានកម្រាស់ ១.៥៤ សង់ទីម៉ែត្រផងដែរ ប៉ុន្តែបើប្រៀបជាមួយកុំព្យូទ័រសម្រាប់លេងហ្គេមវិញ វាគឺពិតជាមានរាងស្តើងមែនទែន។ ចំណែកទម្ងន់របស់វា គឺមានប្រហែលជា ២.៥ គីឡូក្រាមប៉ុណ្ណោះ ដែលនេះ វាហាក់ដូចជារាងធ្ងន់បន្តិច បើសិនជាលោកអ្នកធ្លាប់ប្រើប្រាស់កុំព្យូទ័រដែលមានរាងស្តើង ប៉ុន្តែ Predator Triton 700 នេះ មិនមែនជាកុំព្យូទ័រកម្លាំងម៉ាស៊ីនខ្សោយនោះឡើយ។
ចំពោះក្តារចុចរបស់វា គឺអាចនិយាយបានថាល្អប្រើ និងងាយស្រួលចុច សម្រាប់អ្នកដែលចូលចិត្តលេងហ្គេមពិតជាស្រលាញ់វាជាមិនខាន លើសពីនេះ គ្រាប់ចុចនីមួយៗមានរំលេចដោយអំពូល LED ពណ៌ខៀវស្រទន់ ងាយស្រួលមើលពេលប្រើក្នុងទីងងឹត។

ភាពខ្លាំងបំផុតនៃ Triton 700 គឺឋិតនៅលើបន្ទះប៉ះបញ្ជា ដែលត្រូវបានរចនានៅពីលើក្តារចុច។ វាត្រូវបានក្រាលដោយស្រទាប់កញ្ចក់ Gorilla សម្រាប់ផ្តល់ជូនអ្នកលេងហ្គេមនូវភាពងាយស្រួលក្នុងការប្រើប្រាស់ និងមិនធ្វើឱ្យប៉ះឆ្លងជាមួយបាតដៃឡើយ។
ចំពោះល្បឿនដំណើរការរបស់ Triton 700 ពិតជាលឿនអស់ស្ទះ ពីព្រោះវាបំពាក់អង្គប្រតិបត្តិរបស់ក្រុមហ៊ុន Intel ប្រភេទ Core ជំនាន់ ៧ ចុងក្រោយបង្អស់ ជាមួយអង្គគណនាក្រាហ្វិច Nvidia GeForce ស៊េរី ១០ រួមទាំងប្រើអង្គផ្ទុកទិន្នន័យប្រភេទ SSD និងអង្គចងចាំទំហំ 32GB ប្រភេទ DDR4។

កុំព្យូទ័រសម្រាប់លេងហ្គេមដែលមានរាងស្តើងនេះ ភ្ជាប់មកជាមួយរន្ធដោត USB ប្រភេទ 3.0 ចំនួន ២ និង USB 2.0 ចំនួន ១ រន្ធ HDMI 2.0 ចំនួន ១ ព្រមទាំងរន្ធដោតខ្សែអ៊ិនធើណែតចំនួន ១ និងបន្ទះ Killer DoubleShot Pro ដែលអាចផ្គួបប្រព័ន្ធ Wi-Fi និងអ៊ិនធើណែតតាមខ្សែ ដើម្បីបង្កើនល្បឿនអ៊ិនធើណិតឲ្យកាន់តែលឿនទ្វេដង។
Predator Triton 700 នឹងដាក់លក់នៅទ្វីបអាមេរិកខាងជើងនាខែ សីហា ខាងមុខ ជាមួយតម្លៃចាប់ពី ២, ៩៩៩ ដុល្លារ៕
ប្រភព៖ mashable.com
មតិយោបល់