ក្រុមហ៊ុន Facebook បាននិងកំពុងប្រឹងប្រែងយ៉ាងខ្លាំងនៅក្នុងការរិះរកវិធីរក្សាការពារឯកជនភាពរបស់អ្នកប្រើប្រាស់ ដែលកើនឡើងដល់ជាង ២០០០ លាននាក់។ ទាំងនេះ គឺសរបញ្ជាក់យ៉ាងច្បាស់ថា ឯកជនភាពនៅលើបណ្តាញសង្គមយក្សមួយនេះ គឺពិតជាសំខាន់ណាស់។ ប៉ុន្តែ អ្នកប្រើប្រាស់មួយចំនួនប្រហែលនៅមិនទាន់ដឹង ហើយចេះតែបន្តលាតត្រដាងព័ត៌មានផ្សេងៗរបស់ខ្លួនយ៉ាងរីករាយ ឬដោយមិនមានការរឹតត្បិត។

ខាងក្រោមនេះ គឺជារឿងរ៉ាវ ឬព័ត៌មានឯកជនចំនួន ៨ ចំណុច ដែលលោកអ្នកគួរដកចេញឱ្យបានកាន់តែឆាប់ កាន់តែប្រសើរ ពីទំព័រ Facebook របស់ខ្លួន ដើម្បីជៀសវាងការប្រឈមនឹងហានីភ័យផ្សេងៗចំពោះសុខសុវត្ថិភាពរបស់ខ្លួន និងក្រុមគ្រួសារ៖
១- ថ្ងៃ-ខែ-ឆ្នាំកំណើត
ការដាក់ថ្ងៃ-ខែ-ឆ្នាំកំណើតលើ Facebook ផ្ទាល់ខ្លួន ប្រាកដណាស់ វាអនុញ្ញាតឱ្យមិត្តភក្តិរបស់លោកអ្នកដឹង និងផ្ញើសារជូនពរ ឬរៀបចំពិធីខួបកំណើតដ៏ភ្ញាក់ផ្អើលមួយជូន។ តែសូមកុំភ្លេចថា ថ្ងៃ-ខែ-ឆ្នាំកំណើតនេះ បូករួមទាំងឈ្មោះ និងអាសយដ្ឋានរបស់លោកអ្នកទៀត វាអាចជាផ្នែកមួយនៃព័ត៌មាន សម្រាប់ជនដែលមានគំនិតមិនល្អ អាចទស្សទាយដឹងពីចិត្តគំនិតរបស់លោកអ្នកបាន។ ជាងនេះទៅទៀត ពួកគេអាចកាន់តែងាយស្រួលក្នុងការស្មានដឹងពីលេខកូដគណនីធានាគារ ឬលេខកូដសម្ងាត់ និងព័ត៌មានលំអិតផ្ទាល់ខ្លួនរបស់លោកអ្នក ក៏ថាបាន។

២– លេខទូរស័ព្ទទំនាក់ទំនង
ការដាក់លេខទូរសព្ទក្នុង Facebook Profile ប្រហែលជាគំនិតល្អមួយកាលពី ៦ ឆ្នាំមុន ខណៈដែលវាមានការទាមទារពីក្រុមហ៊ុនបណ្តាញសង្គម ក្រោមហេតុផលនៃការបង្កើនសន្តិសុខ។ ប៉ុន្តែ ធាតុពិតវាមិនដូច្នោះទេ។ ព្រោះថា មនុស្សមួយចំនួនអាចនឹងស្គាល់លេខអ្នក ហើយហៅទូរសព្ទមករំខាន ឬបោកបញ្ឆោតអ្នកដើម្បីគោលបំណងអ្វីមួយបាន។

៣– Tag ពី Friend ខិលខូច
អ្នកលេង Facebook ខ្លះចូលចិត្ត Tag រូបថតមិនល្អ មិនសមគួរនឹងមើល ដល់ Friend របស់ពួកគេ។ បើលោកអ្នកឋិតក្នុងចំណោមនោះ គួរតែបិទ Tag ពី Friend ទាំងនោះចោលទៅ បើមិនចង់ឱ្យ Friend ដទៃមើលឃើញរូបភាពទាំងនោះ។ ដើម្បីធ្វើដូចនេះ សូមចូលទៅកាន់មឺនុយ Settings -> Timeline and Tagging -> Who can add things to my timeline រួចចុចយកជម្រើស On/Enable លើមុខងារ ‘review posts…’។

៤– រូបថតក្មេងតូចៗក្នុងគ្រួសារ
នៅលើបណ្តាញសង្គម Facebook យើងមិនដឹងថា នរណាមានគំនិតមិនល្អចំពោះយើងនោះទេ ខណៈដែលការបង្ហោះរូបថត-វីដេអូនៅលើវា អាចឱ្យគេឯងចូលមើលបានយ៉ាងងាយ។ ម្លោះហើយ ការបង្ហាញរូបកូនតូចៗឱ្យ Friend បានឃើញ និងចុច Like/Love និងប្រាប់ថាកំពុងនៅទីកន្លែងនេះនៅទីកន្លែងនោះ អាចជាការប្រឈមនឹងគ្រោះថ្នាក់មួយ ពោលគឺ ចោរអាចនឹងតាមដានលួច ឬចាប់ជំរិតកូនក្មេងតូចៗរបស់លោកអ្នកបាន។ ម្លោះហើយ លោកអ្នកគួរតែយកចិត្តទុកដាក់ចំពោះបញ្ហាសន្តិសុខនេះ ជាជាងការចង់បង្ហាញអ្នកដទៃអំពីភាពគួរឱ្យស្រឡាញ់របស់ពួកគេ។
៥– ទីកន្លែងដែលលោកអ្នកកំពុងឋិតនៅ និងសាលាដែលសមាជិកគ្រួសារក្មេងតូចៗទៅរៀន
លោកអ្នកមិនគួរបង្ហោះរូបភាព-វីដេអូ ឬព័ត៌មានណាមួយដែលបង្ហាញឱ្យ Friend នៅលើ Facebook ដឹងថាខ្លួនកំពុងឋិតនៅទីកន្លែងណា ហើយសមាជិកគ្រួសារក្មេងៗរៀននៅសាលាណា ឬពេលណានោះទេ។ ព្រោះវាអាចផ្តល់ឱកាសដល់ជនខិលខូចតាមដានពួកគេដើម្បីប្រព្រឹត្តសកម្មភាពអាក្រក់អ្វីមួយលើពួកគេបាន។ យោងតាមរបាយការណ៍ពី NSPPC កំណត់ត្រាករណីរំលោភផ្លូវភេទលើកុមារបានកើនឡើងដល់ ៣៦,៤២៩ ករណីក្នុងឆ្នាំ ២០១៣-២០១៤ នៅចក្រភពអង់គ្លេស ដែលនេះគឺជាអត្រាខ្ពស់បំផុតធៀបនឹងកាលពីមួយទសវត្សរ៍មុន។
៦– Location Services
ការបើកនូវមុខងារ Location Services ចោលនៅលើទូរសព្ទ អាចនឹងអនុញ្ញាតឱ្យនរណាម្នាក់ដែលប្រហែលជាមានបំណង ឬគ្មានបំណងប្រព្រឹត្តអំពើអាក្រក់លើរូបលោកអ្នក ដឹងពីទីកន្លែងដែលលោកអ្នកកំពុងឋិតនៅបាន។ ដូច្នេះ បើមិនចាំបាច់ទេនោះ លោកអ្នកគួរតែបិទវាចោលទៅ!
៧- ថ្នាក់លើរបស់លោកអ្នក
លោកអ្នកមួយចំនួនតែងតែចូលចិត្តបញ្ចេញអារម្មណ៍ពិត ឬបង្ហាញសកម្មភាពផ្សេងៗរបស់ខ្លួនឱ្យ Friend បានដឹងនៅលើបណ្តាញសង្គម។ ប៉ុន្តែ អ្នកប្រហែលជាភ្លេចគិតហើយថា Facebook គឺជាកន្លែងសាធារណៈ អាចឱ្យគ្រប់គ្នាចូលមើលអ្វីៗដែលដាក់បង្ហោះបាន បើមិនមានការកំណត់មុខងារ Privacy ត្រឹមត្រូវ។ សួរថា ចុះបើក្នុងចំណោមពួកគេ គឺមានអ្នកគ្រប់គ្រង ឬថ្នាក់លើរបស់លោកអ្នក?

៨– Tag កន្លែងដែលលោកអ្នកឋិតនៅ
ការចុច Tag ទីកន្លែងដែលខ្លួនកំពុងឋិតនៅដាក់លើ NewFeed ក្នុងទំព័រ Facebook របស់ខ្លួន គឺបីដូចជាការប្រកាសប្រាប់ពីអាសយដ្ឋានរបស់លោកអ្នកទៅដល់សាធារណជនឱ្យបានដឹងអីចឹង។ ដូច្នេះ វាពិតជាពិបាកសន្និដ្ឋានណាស់ថា តើមាននរណាខ្លះកំពុងមានបំណងអាក្រក់ ឬតាមដានលើរូបលោកអ្នកនោះ។ ដូច្នេះ ចង់មិនចង់គួរតែបញ្ឈប់ទម្លាប់នេះភ្លាមទៅ៕

មតិយោបល់