ព័ត៌មានបច្ចេកវិទ្យា

គិតម៉េចដែរ? iPhone 8 ស្គេនក្រយៅដៃនៅខាងក្រោយបែបនេះ!

ក្រោយពីមានពាក្យចចាមអារ៉ាមថា iPhone 8 ដែលជាទូរសព្ទម៉ូឌែលខ្ពស់បំផុតរបស់ទូរសព្ទ iPhone ស៊េរីឆ្នាំ ២០១៧ នឹងត្រូវពន្យាពេលដោយសារបញ្ហាបច្ចេក​ទេស​ដាក់បញ្ចូលបន្ទះស្គេនក្រយៅដៃក្រោមស្រទាប់អេក្រង់នោះ ស្រាប់តែថ្មីៗនេះ មានរបាយការណ៍ថ្មីមួយថា វានឹងប្តូរទៅបំពាក់នៅផ្នែកខាងក្រោយនៃទូរសព្ទវិញ។

យោងតាមរបាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវ CLSA ដែលមានមូលដ្ឋាននៅទីក្រុង​ហុងកុង បានលើកឡើងដោយមានភ្ជាប់មកជាមួយរូប​ភាពរចនាបទគំរូថ្មីរបស់ iPhone 8 បានលើកឡើងថា ក្រុមហ៊ុន Apple នឹងប្តូរបន្ទះស្គេនក្រយៅដៃមកខាងក្រោយដូចជា Samsung S8 និង S8+ អីចឹងដែរ ប៉ុន្តែ វានឹងរចនានៅចំកណ្តាល និងនៅតែប្រើបច្ចេកវិទ្យាកញ្ចក់អ៊ុបទិចដដែល។

លោក Sebastian Hou និង Brian Chen អ្នកវិភាគរបស់ CLSA បាននិយាយ​ថា រចនាបទថ្មីនេះ គឺជាដំណោះស្រាយដ៏ល្អប្រសើរចំពោះការបរាជ័យក្នុងការច្រ​បាច់​បញ្ចូលបន្ទះ Touch ID នៅពីក្រោមស្រទាប់អេក្រង់ខាងមុខ។

យោងតាមរូបភាពគំរូនោះផងដែរ iPhone 8 នឹងមានកាមេរ៉ាក្រោយភ្លោះរាងបញ្ឈរ និងមានកាមេរ៉ា 3D និងថតសម្គាល់ផ្ទៃមុខនៅផ្នែកខាងមុខ ដូចជាព័ត៌មានចចាមអារ៉ាមលើកឡើងកន្លងមកអីចឹងដែរ ហើយវាត្រូវបានគេជឿថា នឹងប្រកាសចេញនៅក្នុងអំឡុងខែ កញ្ញា ដំណាលគ្នាជាមួយ iPhone 7s និង​ 7s Plus តែម្តង ដោយពុំមានការព្យាពេលរហូតដល់ខែតុលា ឬវិច្ឆិកានោះទេ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Samsung បានប្តូរបន្ទះស្គេនក្រយៅដៃពីខាងមុខមកខាងក្រោយនៅលើទូរសព្ទជំនាន់ថ្មីរបស់ខ្លួនរួចទៅហើយ និងក្រោមហេតុផលស្រដៀងគ្នានេះ ហើយវាក៏បន្សល់ទុកនៅការមិនពេញចិត្តពីសំណាក់អ្នកប្រើប្រាស់មួយចំនួនផងដែរ ដោយសារតែពួកគេពិបាកក្នុងការងាកចង្អុលដៃមកខាងស្តាំកាមេរ៉ាក្រោយដើម្បីស្គេន៕

ប្រភពព័ត៌មាន: phonearena

មតិយោបល់