យោងតាមរបាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារមានមូលដ្ឋាននាទីក្រុងហុងកុង បានឱ្យដឹងថា ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung បានស្រុតចុះដល់ជាងពាក់កណ្តាលនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០១៧ នេះ ខណៈក្រុមហ៊ុនផលិតស្មាតហ្វូនក្នុងស្រុក Huawei, Oppo និង Vivo មានការលក់កើនឡើងខ្លាំង។
របាយការណ៍ដដែលបានគូសបញ្ជាក់បន្ថែមថា ក្នុងត្រីមាសដំបូងឆ្នាំនេះ ការលក់ចេញទូរសព្ទដៃទំនើបរបស់ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់កូរ៉េ ក្នុងទីផ្សារដែលមានប្រជាជនច្រើនជាងគេបំផុតក្នុងលោកនេះ គឺបានត្រឹមតែ ៣.៥ លានគ្រឿងប៉ុណ្ណោះ ដែលតួលេខនេះ គឺធ្លាក់ចុះប្រមាណ ៦០ ភាគរយ ធៀបទៅនឹងត្រីមាសដដែលនៅឆ្នាំមុន។ ជាមួយគ្នានោះដែរ តម្លៃហ៊ុនរបស់ក្រុមហ៊ុនក៏បានធ្លាក់ចុះពី ៨.៦ ភាគរយ មកនៅ ៣.៣ ភាគរយ ទៀតផង។
ផ្ទុយពីក្រុមហ៊ុន Samsung ការលក់របស់ក្រុមហ៊ុន Huawei, Oppo, និង Vivo បានកើនឡើងចំនួន ២៥%, ៨១%, និង ៦០%។
ការលក់កើនខ្លាំងរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនក្នុងស្រុកទាំងនេះ គឺដោយសារតែតម្លៃ បណ្តាញចែកចាយ និងសេវាកម្មកម្មវិធីក្នុងតំបន់ មានភាពទាក់ទាញ និងល្អប្រសើរ ខណៈស្មាតហ្វូនរបស់ Samsung មានតម្លៃកាន់តែខ្ពស់ ហើយមានភ្នាក់ងារចែកចាយតែនៅខាងក្រៅប៉ុណ្ណោះ ពោលគឺ មិនមានតាមអនឡាញនោះទេ៕

ប្រភពព័ត៌មានៈ sammobile
មតិយោបល់