ខណៈពេលដែលលោកអ្នកកំពុងជជែកកម្សាន្តជាមួយមិត្តភក្តិ និងក្រុមគ្រួសារលើកម្មវិធី Facebook Messenger លោកអ្នកក៏អាចធ្វើការវេរលុយឆ្លងប្រទេសបានផងដែរ តាមរយៈសេវាប្តូរប្រាក់ឈ្មោះ TransferWise នៅលើកម្មវិធី Bot នៃបណ្តាញសង្គមយក្សហ្វេសប៊ុកដែលចាប់បើកក្នុងថ្ងៃនេះ។
បច្ចុប្បន្នអ្នកប្រើប្រាស់អាចវេរលុយបានត្រឹមតែរវាងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា អូស្រ្តាលី និងទ្វីបអ៊ឺរ៉ុបតាមរយៈកម្មវិធី Facebook Messenger ប៉ុណ្ណោះ។ បើតាមការឲ្យដឹងពីក្រុមហ៊ុនផ្តល់សេវា TransferWise សេវាវេរលុយនេះ អាចនឹងពង្រីកទៅដល់ជាង ៥០ ប្រទេស និង ៦០០ ខ្សែបន្ថែមទៀត។
លោក Scott Miller ប្រធានផ្នែកសម្ព័ន្ធភាពរបស់ក្រុមហ៊ុន TransferWise បានថ្លែងថា ការចំណាយពេលប្រតិបត្តិការវេរលុយតាម TransferWise Bot គឺស្មើរគ្នាទៅនឹងពេលដែលត្រូវចំណាយតាមគេហទំព័ររបស់ក្រុមហ៊ុនផងដែរ។ ផ្ទុយទៅវិញ វាមានគុណប្រយោជន៍ដោយអាចជួយសម្រួលអ្នករាល់គ្នាមិនចាំបាច់ចាកចេញពីកម្មវិធី Facebook Messenger ដើម្បីបើកចូលទៅកាន់កម្មវិធីផ្សេងទេសម្រាប់ការវេរលុយនេះ។
កម្មវិធី TransferWise Bot ដំណើរការបានដោយទាមទារឲ្យអ្នកប្រើប្រាស់ឆ្លើយសំណួរ ៤ ចំណុច ទី ១ – តើអ្នកចង់វេរលុយពីកន្លែងណាទៅ? ទី ២ – តើអ្នកចង់ផ្ញើទៅកន្លែងណា? ៣ – តើអ្នកចង់វេរលុយទៅឲ្យអ្នកណា? ៤ – តើអ្នកចង់វេរលុយចំនួនប៉ុន្មាន? ក្រោយពេលឆ្លើយសំណួរទាំងនេះរួច អ្នកប្រើប្រាស់នឹងត្រូវចុចលើពាក្យ Confirm ដើម្បីសម្រេចដំណើរការ។
កម្មវិធីវេរលុយនេះ អាចផ្ញើដំណឹងស្តីពីអត្រាប្តូរប្រាក់រវាងរូបិយប័ណ្ណដែលបានជ្រើសរើស ជារៀងរាល់សប្តាហ៍ ជាមួយអត្រាប្តូរប្រាក់ដោយឈរលើទីផ្សារកណ្តាល ដើម្បីបញ្ជៀសការបង់ថ្លៃប្តូរប្រាក់បរទេស និងដើម្បីកាត់បន្ថយការចំណាយទៅលើការវេរលុយជាអន្តរជាតិ។
ហេតុនេះហើយបានជាក្រុមហ៊ុនបណ្តាញសង្គមយក្សហ្វេសប៊ុកសម្រេចចិត្តអនុញ្ញាតឱ្យបើកដំណើរការសេវាវេរលុយនេះនៅលើកម្មវិធី Bot របស់ពួកគេ ដើម្បីទាក់ទាញអ្នកប្រើប្រាស់កាន់តែច្រើន នេះបើយោងតាមសម្តីរបស់លោក Miller៕
មតិយោបល់