ព័ត៌មានបច្ចេកវិទ្យា

បែកធ្លាយ iPhone ឆ្នាំក្រោយនឹងបំពាក់អេក្រង់ OLED ធំបំផុតមិនធ្លាប់មាន!

យោងតាមប្រភពព័ត៌មានពីរោងចក្រផលិតសមាសធាតុផ្សំ iPhone មួយបានឱ្យដឹងថា ទូរសព្ទដៃរបស់ក្រុមហ៊ុន Apple ផលិតចេញសម្រាប់ឆ្នាំក្រោយ នឹងបំពាក់អេក្រង់ OLED ធំជាង iPhone ទាំងអស់ នាពេលបច្ចុប្បន្ន។

ប្រភពចេញពីក្រុមហ៊ុន Samsung Display បានគូសបញ្ជាក់ថា iPhone ស៊េរីឆ្នាំ ២០១៨ នឹងមានជម្រើសអេក្រង់ពីរខ្នាត ដោយមួយទំហំ ៥.៨៥ អីុញ ប៉ុននឹងអេក្រង់ iPhone 8 និងមួយទៀតមានទំហំ ៦.៤៦ អីុញ។

របាយការណ៍ចុងក្រោយមួយចេញផ្សាយដោយគេហទំព័រ Korean Herald ក៏បានលើកឡើងស្រដៀងគ្នានេះផងដែរថា ក្រុមហ៊ុន Apple កំពុងធ្វើការលើ iPhone ម៉ូឌែលឆ្នាំ ២០១៨ ដែលបំពាក់អេក្រង់ទំហំ ៥.២៨ អីុញ (តូចជាងអេក្រង់ iPhone ស៊េរីបច្ចុប្បន្នបន្តិច) និងទំហំ ៦.៤៦ អីុញ ធំបំផុតមិនធ្លាប់មាន ក្រោមហេតុផលចង់បំពេញតម្រូវចិត្តអតិថិជន និងស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាលើពិភពលោក។

របាយការណ៍ថ្មីនេះ ក៏ស៊ីគ្នាជាមួយរបាយការណ៍កាលពីខែមិថុនា ដែលថា Samsung កំពុងសាងសង់រោងចក្រផលិតកញ្ចក់អេក្រង់ប្រភេទ OLED ដែលធំជាងគេបំផុតក្នុងលោក ដើម្បីបង្គ្រប់ការកម៉្មង់ទិញសម្រាប់ iPhone ម៉ូឌែល 8 ឡើងរបស់ក្រុមហ៊ុន Apple ហើយក្រុមហ៊ុនត្រូវគេជឿថា នឹងមានខ្សែចង្វាក់ផលិត ៧ ផ្សេងគ្នាសម្រាប់​ទូរសព្ទ iPhone ទាំងនោះ៕

ប្រភពព័ត៌មាន 9to5mac

មតិយោបល់