យោងតាមរបាយការណ៍ពី IDC ក្រុមហ៊ុនផលិតស្មាតហ្វូន Huawei អាចដណ្តើមយកតំណែងជាក្រុមហ៊ុនលក់ស្មាតហ្វូនដាច់ជាងគេបំផុតនៅក្នុងប្រទេសចិន ពីក្រុមហ៊ុន Oppo មកវិញបានហើយ សម្រាប់ត្រីមាសទី១ ឆ្នាំ ២០១៧ នេះ។
របាយការណ៍ដដែលរកឃើញថា នៅត្រីមាសដំបូងក្នុងឆ្នាំនេះ ស្មាតហ្វូនសរុបដែលបានលក់ចេញនៅក្នុងប្រទេសចិនគឺមានចំនួន ១០៣.១ លានគ្រឿង ក្នុងនោះ Huawei លក់បាន ២០.៨ លានគ្រឿង កើន ២៥.៥% ខណៈ Oppo លក់បាន ១៨.៩ លានគ្រឿង កើន ១៩.៥%។
កំណើននេះ ត្រូវបានក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDC រកឃើញថា ដោយសារប្រជាប្រិយភាពនៃកំពូលស្មាតហ្វូនជំនាន់ចុងក្រោយ P10 និង P10 Plus និងសន្ទុះនៃការលក់របស់ Honor V9 របស់ Huawei។ ចំណែកក្រុមហ៊ុន Vivo ទទួលបានចំណាក់ថ្នាក់លេខ៣ លក់ដាច់បាន ១៤.៦ លានគ្រឿង តាមពីក្រោយដោយក្រុមហ៊ុន Apple និង Xiaomi លក់ដាច់បាន ៩.៦ លានគ្រឿង និង ៩.៣ លានគ្រឿង។ ដោយឡែក ក្រុមហ៊ុន Samsung ពុំបានជាប់ក្នុងចំណាក់ថ្នាក់កំពូលទាំង ៥ នោះទេ។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១៦ Oppo គឺជាក្រុមហ៊ុនលក់ទូរសព្ទឈានមុខគេបង្អស់នៅក្នុងទីផ្សារប្រទេសចិន ជាមួយតួលេខលក់ ៧៨.៤ គ្រឿង តាមពីក្រោយដោយក្រុមហ៊ុន Huawei, Vivo, Apple, និង Xiaomi ជាមួយចំនួន ៧៦.៦ លានគ្រឿង ៦៩.២ លានគ្រឿង ៤៤.៩ លានគ្រឿង និង ៤១.៥ លានគ្រឿង។ នេះបើយោងតាមរបាយការណ៍ IDC ដដែល៕

ប្រភពព័ត៌មានៈ zdnet
មតិយោបល់