ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុនរថយន្ត Ford កាត់បន្ថយបុគ្គលិកក្រៅរោងចក្រ ១៤០០ នាក់ នៅអាមេរិក និងអាស៊ី

ក្រុមហ៊ុនផលិតរថយន្ត Ford បានថ្លែងនៅថ្ងៃពុធម្សិលមិញថា ខ្លួននឹងកាត់បន្ថយ​​បុគ្គលិកក្រៅរោងចក្រចំនួន ១៤០០ នាក់ នៅក្នុងតំបន់អាមេរិកខាងជើង និងអាស៊ីប៉ាស៊ីហ្វិក ដែលការកាត់បន្ថយនេះ គឺមានទំហំធំធេងបំផុតចាប់តាំងពីឆ្នាំ ២០០៧ ដែលបុគ្គលិកចំនួន ៧២០០ នាក់ ត្រូវបានកាត់បន្ថយ។

ការប្រកាសនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនប្រឈមមុខនឹងការលក់ធ្លាក់ចុះនៅក្នុងទឹកដីអាមេរិក ការប្រកួតប្រជែងពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យជាន់ខ្ពស់ និងការមិនពេញចិត្តពីក្រុមភាគហ៊ុនិករបស់ខ្លួន។

នៅក្នុងសារអេឡិចត្រូនិចមួយផ្ញើជូនបុគ្គលិកនិយោជិក ក្រុមហ៊ុនផលិតរថយន្តអាមេរិកបានថ្លែងថា ការសម្រេចនេះ គឺធ្វើឡើងដោយសារក្រុមហ៊ុនចង់ពង្រឹងអាជីវកម្មស្នូលរបស់ខ្លួន និងឈោងចាប់ឱកាសថ្មីៗឱ្យបានពេញដៃ។

ដោយឡែក ក្រុមហ៊ុននឹងផ្តល់នូវការចូលនិវត្តន៍មុនអាយុ និងកញ្ចប់ដាច់ដោយ​ឡែកផ្សេងៗស្របតាមគោលការណ៍ច្បាប់ ទៅដល់បុគ្គលិកប្រាក់បៀរវត្សរ៍របស់ខ្លួនប្រមាណ ១០ ភាគរយ ក្នុងផ្នែកផ្សេងៗដូចជា ផ្នែកលក់ ទីផ្សារ និងធនធានមនុស្ស ជាដើម។

ចំពោះដំណើរកាត់បន្ថយបុគ្គលិកក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រុមហ៊ុនគ្រោងនឹងបញ្ចប់នៅមុនបំណាច់ខែកញ្ញាខាងមុខ។

គួរបញ្ជាក់ថា​ មិនមែនមានតែក្រុមហ៊ុន Ford មួយទេ ដែលព្យាយាមកាត់បន្ថយការចំណាយរបស់ខ្លួន កាលពីខែមុន លោក Chuck Stevens ប្រធានគ្រប់គ្រងហិរិញ្ញវត្ថុរបស់ក្រុមហ៊ុន General Motors ក៏បាននិយាយដែរថា ក្រុមហ៊ុនកំពុងពិចារណាកាត់បុគ្គលិករបស់ខ្លួនដើម្បីធ្វើឱ្យប្រសើរឡើងលើការចំណាយផ្សេងៗ៕

ប្រភពព័ត៌មាន: abcnews

មតិយោបល់