ក្រុមហ៊ុន Microsoft ក្នុងរយៈពេលថ្មីៗនេះ បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការផលិតចេញនូវកម្មវិធីបកប្រែភាសារបស់ខ្លួនមួយឱ្យមានភាពល្អឥតខ្ចោះ សម្រាប់គាំទ្រការប្រើប្រាស់ Offline និងការបកប្រែលើឧបករណ៍ពីមួយទៅមួយ។ លុះដល់ថ្ងៃពុធម្សិលមិញនេះ ក្រុមហ៊ុនបានប្រកាសចេញជាផ្លូវការនូវកម្មវិធីថ្មីគួរឱ្យចាប់អារម្មណ៍មួយផ្សេងទៀត ដែលវាផ្តល់ភាពងាយស្រួលក្នុងការសន្ទនា ឬទំនាក់ទំនងជាក្រុម រវាងភាសាក្នុងសកលដែលមានចំនួនរហូតដល់ ៦០ ភាសា។
កម្មវិធីថ្មីនេះ អនុញ្ញាតឱ្យលោកអ្នករៀបចំការសន្ទនាជាក្រុមដែលមានសមាជិកចូលរួមរហូតដល់ ១០០ នាក់ (ពួកគេអាចចូលរួមការសន្ទនាបានដោយការវាយបញ្ចូលលេខកូដ ឬស្គេនកូដ QR ហើយវានឹងបង្ហាញការបកប្រែនូវអ្វីគ្រប់យ៉ាងដែលអ្នកបាននិយាយទៅជាភាសាណាមួយភ្លាមៗតែម្តង។ លក្ខណៈពិសេសនេះ អាចមានប្រយោជន៍ខ្លាំងសម្រាប់ដៃគូទំនាក់ទំនង ឬសន្ទនាដែលមានជាតិសាសន៍ខុសៗគ្នា ឬក៏សម្រាប់មគ្គុទេសក៏ទេសចរណ៍ធ្វើទំនាក់ទំនង់ជាមួយភ្ញៀវអន្តរជាតិមកពីជុំវិញពិភពលោក។ កម្មវិធីនេះ គាំទ្រជាមួយស្មាតហ្វូន និងថេប្លេត ដែលដំណើរការដោយប្រព័ន្ធ iOS, Android និង Windows Phone ហើយគ្រប់គ្នាក៏អាចប្រើប្រាស់សេវាកម្មបកប្រែនេះនៅលើគេហទំព័រ translators.microsoft ផងដែរ។
ក្រុមហ៊ុន Microsoft បានបញ្ជាក់ថា កម្មវិធីថ្មីនេះ ក៏ធ្វើការយ៉ាងល្អជាមួយការសន្ទនាគ្នាជាគូផងដែរ ហើយវាបង្កើតឡើងដោយផ្អែកលើបច្ចេកវិជ្ជាដែលយកទៅអភិវឌ្ឍកម្មវិធី Skype Translator ជាមួយការប្រើប្រាស់មុខងារបកប្រែភាសាផ្ទាល់មាត់ក្នុងពេលកំពុងសន្ទនាគ្នា ដែលបានដាក់ឱ្យប្រើប្រាស់កាលពីខែតុលា និងដែលត្រូវបានបញ្ចេញសម្រាប់ឧបករណ៍ចល័តនៅដើមសប្តាហ៍នេះ។ វាប្រើប្រាស់សំណុំកូដដ៏ស្មុគស្មាញដើម្បីយល់អំពីពាក្យទៅតាមបរិបទ និងផ្តល់នូវការបកប្រែប្រកបដោយភាពត្រឹមត្រូវ និងមានអត្ថន័យគ្រប់គ្រាន់៕
ប្រភពព័ត៌មាន៖ thenextweb
មតិយោបល់