ព័ត៌មានបច្ចេកវិទ្យា

Hacker វៀតណាម ចេញគំរូស្រោមមុខ 3D ជំនាន់ទី២ អាចបំបែក Face ID នរណាក៏បាន!

កាលពីពេលថ្មីៗកន្លងមកនេះ ក្រុម Hacker វៀតណាមមួយឈ្មោះ Bkav បានបង្ហាញរួចម្តងហើយនូវស្រោមមុខ 3D បំបែកសោ Face ID បំពាក់លើ iPhone X របស់ក្រុមហ៊ុន Apple បានដោយជោគជ័យ ដោយវាច្នៃឡើងពីសារធាតុផ្លាស្ទិក ស៉ីលីកូន និងស្កុតក្រដាស

ឥឡូវ ក្រុមស្រាវជ្រាវប្រព័ន្ធសន្តិសុខដដែល បានបញ្ចេញស្រោមមុខជំនាន់ថ្មីរបស់ខ្លួន ដែលមានប្រសិទ្ធភាពចម្លងគំរូមុខមនុស្ស 3D របស់ម្ចាស់ iPhone X ដើម្បី​បំបែកសោ Face ID បានគ្រប់គ្នា និងកាន់តែមានភាពសាមញ្ញ។ វាផលិតឡើងដោយម្សៅសិលា និងប្រើរូបភាព 2D បិទនៅត្រង់រង្វង់ភ្នែកសងខាង ហើយចំណាយថវិកាផលិតសរុបប្រមាណ ២០០ ដុល្លារ។

ក្រុមអ្នកឯកទេស Bkav រកឃើញថា ម្សៅសិលានោះ អាចជំនួសបង់ស្អិតក្រដាស់ដែលប្រើសម្រាប់បញ្ឆោតប្រព័ន្ធបញ្ញាសិប្បនិម្មិត AI បំពាក់លើ Face ID របស់​ Apple បាន និងមានប្រសិទ្ធភាពក្នុងកម្រិតមួយកាន់តែខ្ពស់ ហើយអាចខ្លូនមុខមនុស្សគ្រប់ៗគ្នាបានទៀតផង។

ដើម្បីផលិតស្រោមមុខនេះ ក្រុម Bkav និយាយថា វាមិនចាំបាច់ត្រូវការសិក្សាពីមនុស្សគោលដៅអ្វីឡើយ គឺគេគ្រាន់តែរៀបចំដំឡើងប្រព័ន្ធកាមេរ៉ាសម្ងាត់ ចាប់​យករូបភាពនៅមុំផ្សេងៗគ្នា ដើម្បីលួចថតផ្ទៃមុខរបស់អ្នកប្រើប្រាស់ iPhone X  បន្ទាប់មក ផ្គុំរូបទាំងនោះបញ្ចូលគ្នាតាមកម្មវិធីឱ្យទៅជាទម្រង់ 3D រួចបោះពុម្ពវាចេញជាការស្រេច។

ទោះយ៉ាងណា វិធីសាស្រ្តបំបែករនាំងសន្តិសុខ Face ID នេះ ថ្វីត្បិតតែវាមានប្រសិទ្ធភាពខ្ពស់ក៏ដោយ ប៉ុន្តែ បើតាមការអនុវត្តជាក់ស្តែង គឺប្រហែលជាមនុស្សធម្មតាមិនអាចធ្វើទៅបាននោះទេ ដូច្នេះ លោកអ្នកដែលកំពុងប្រើ iPhone X ក៏មិនចាំបាច់ព្រួយបារម្ភអ្វីដែរ។

គួរបញ្ជាក់ផងដែរ បច្ចេកវិទ្យាស្កេនមុខ 3D សម្គាល់ដោះសោចូលទៅក្នុងទូរសព្ទ iPhone X មិនអាចបែកចែកភាពខុសគ្នារវាងមុខកូនភ្លោះដែលដូចគ្នានោះទេ ខណ:បច្ចេកវិទ្យាស្គេនប្រស្រីភ្នែកដែលបំពាក់លើ Galaxy Note 8, S8, & S8+ របស់ក្រុមហ៊ុន Samsung អាចធ្វើដូច្នោះបាន៕

ប្រភពព័ត៌មាន: mashable

មតិយោបល់