ព័ត៌មានបច្ចេកវិទ្យា

ថៃ ស្នើ Mark Zuckerberg លុប Page ចំនួន ៦០០ ចេញពី Facebook

ក្រុមហ៊ុនផ្គត់ផ្គង់សេវាអិុនធើណែតនៅក្នុងប្រទេសថៃ ដែលជាសមាជិកសមាគម Tispa (Thai Internet Service Provider Association) ចំនួន ១៩ ស្មើរនឹង ៩០% បានស្នើទៅលោក Mark Zuckerberg តាមរយៈអ៊ីម៉ែលមួយ នៅថ្ងៃពុធសប្តាហ៍មុន ឱ្យជួយបិទចោលនូវទំព័រ (Page) Facebook ចំនួន ៦០០ ចេញពីបណ្តាញសង្គមរបស់ខ្លួន។

សំណើរនេះ ធ្វើឡើងដោយសារតែ Page ទាំងនោះ ត្រូវបានចាក់ដោយកូដសម្ងាត់ និងបង្ហោះផ្សាយចេញពីក្រៅស្រុក ដែលបណ្តាលឱ្យរដ្ឋាភិបាលថៃ ពុំមានលទ្ធភាពក្នុងការបិទផ្ទប់ដំណើរការរបស់វា ទៅតាមសេចក្តីសម្រេចរបស់តុលាការ។

នៅក្នុងសារផ្ញើទៅកាន់ប្រធានក្រុមហ៊ុនបណ្តាញសង្គមយក្ស លោកស្រី Morakot Kulthamyothin ប្រធាន Tispa បានសរសេរពន្យល់ដោយភ្ជាប់ជាមួយអាសយ​ដ្ឋាន URL នៃ Page ទាំងនោះថា មាតិកាព័ត៌មានដែលបានបង្ហោះផ្សាយលើទំព័រទាំងនោះ មានខ្លឹមសារប៉ះពាល់ដល់សន្តិសុខ និងសេដ្ឋកិច្ចជាតិ ក៏ដូចជាប្រឆាំងទៅនឹងច្បាប់ថៃ។

គួរបញ្ជាក់ថា Facebook Page ចំនួន ៦០០ ដែលនៅសេសសល់ទាំងនោះ​ គឺឋិតក្នុងចំណោមគេហទំព័រចំនួន ៦,៩០០ ដែលត្រូវបានតុលាការថៃបង្គាប់ឱ្យបិទ​ចោល​ចាប់​តាំងពីឆ្នាំ ២០១៥ មក៕

ប្រភពព័ត៌មានៈ bangkokpost

មតិយោបល់