បច្ចេកវិទ្យាយានយន្តបើកបរស្វ័យប្រវត្តិ ឬមិនចាំបាច់មានមនុស្សបើកហៅថាដ្រូន នៅថ្ងៃអនាគត នឹងមិនមែនមានតែសម្រាប់រថយន្ត ឬយន្តហោះនោះទេ ប៉ុន្តែ វាក៏នឹងមានដែរសម្រាប់រថភ្លើង។
យោងតាមរបាយការណ៍ថ្មីមួយពីគេហទំព័រព័ត៌មានបារាំង FranceInfo បានឱ្យដឹងថា ក្រុមហ៊ុនអយស្ម័យានកាន់កាប់ដោយរដ្ឋបារាំង SCNF ដែលទទួលខុសត្រូវលើការគ្រប់គ្រងសេវាផ្លូវដែកក្នុងប្រទេស បានប្រកាសពីគម្រោងប្រកបដោយមហិច្ឆតាថ្មីមួយហៅថា “Train Drone” ឬ “រថភ្លើងគ្មានមនុស្សបើក”។
របាយការណ៍ដដែលឱ្យដឹងបន្ថែមថា គោលដៅនៃគម្រោង គេនឹងចាប់សាកល្បងដំណើរការរថភ្លើងបច្ចេកវិទ្យាស្វ័យបើកបរនៅឆ្នាំ ២០១៩ ដោយការដឹកជញ្ជូនតែទំនិញជាមុនដំបូងសិន។ បន្ទាប់មក នៅ ២០២៣ SCNF នឹងបើកឱ្យមានការដឹកជញ្ជូនមនុស្សជាលើកដំបូងតែម្តង លើខ្សែរថពីទីក្រុងប៉ារីស ទៅភាគអាគ្នេយ៍របស់ប្រទេស។
ទោះយ៉ាងណា គេក៏នឹងមានការដាក់ក្រុមអយស្ម័យានិកលើរថភ្លើងដ្រូននោះដែរ បើទោះជាវាបំពាក់អង្គញាណសម្រាប់ចាប់សញ្ញាឧបសគ្គនានា ហើយនិងអាចបញ្ជាប្រព័ន្ធហ្វ្រាំងដោយស្វ័យប្រវត្តិ ដើម្បីបញ្ជៀសគ្រោះថ្នាក់ចំពោះមុខណាមួយក៏ដោយ។
ក្រុមហ៊ុនរដ្ឋបារាំងមួយនេះសង្ឃឹមថា រថភ្លើងស្វ័យប្រវត្តិកម្មនឹងជួយកាត់ចេញនូវភាពយឺតយាវសម្រាប់ការរៀបចំក្នុងស្ថានីយ៍មុនពេលចេញដំណើរ បើទោះជាវាមិនមែនឋិតក្នុងបញ្ជីរថភ្លើងល្បឿនលឿនជាងគេបំផុតក្តី។
លោក Matthieu Chabanel នាយករងក្រុមហ៊ុន SNCF បានគូសបញ្ជាក់ថា រថភ្លើងដ្រូន នឹងមិនខុសពីយន្តហោះនាពេលបច្ចុប្បន្នប៉ុន្មានឡើយ គឺវានឹងមានមនុស្សប្រចាំការក្នុងកាប៊ិនជាប់ជានិច្ច ដើម្បីគ្រប់គ្រងស្ថានការខុសប្រក្រតីណាមួយ បើទោះជាវាបំពាក់ប្រព័ន្ធគ្រប់គ្រងចង្កូត និងហ្វ្រាំងស្វ័យប្រវត្តិ៕
ប្រភពព័ត៌មានៈ digitaltrends
មតិយោបល់