អ្នកប្រើប្រាស់ iPhone X កាន់តែច្រើនឡើងបានរាយការណ៍ថា អេក្រង់ទូរសព្ទតម្លៃជាង ១ ពាន់ដុល្លារ របស់ពួកគេ មិនងាយភ្លឺឡើង នៅពេលមានការហៅទូរសព្ទចូលមកម្តងៗ ដែលបញ្ហានេះ ធ្វើឱ្យខ្លួនលំបាកក្នុងការចុចទទួល។
ការអះអាងបែបនេះ គឺធ្វើឡើងនៅលើទំព័រវាទិកាសម្តែងមតិ និងសួរឆ្លើយនៃគេហទំព័ររបស់ក្រុមហ៊ុន Apple។
អ្នកប្រើប្រាស់ iPhone X ម្នាក់បានសរសេរដាក់ថា ខ្ញុំជាញឹកញាប់មិនអាចឃើញថានរណាកំពុងហៅទូរសព្ទចូលមកនោះទេ គឺអាចត្រឹមតែឮសំឡេងទូរសព្ទរោទិ៍ ហើយគេទាល់តែចាំប្រហែល ១០ វិនាទី រហូតដល់អេក្រង់របស់ទូរសព្ទភ្លឺឡើង។
អ្នកប្រើប្រាស់ម្នាក់ផ្សេងទៀតបាននិយាយថា នៅពេលខ្ញុំទទួលការហៅទូរសព្ទចូលម្តងនៅលើ iPhone X សំឡេងរោទិ៍ បន្លឺឡើង ប៉ុន្តែអេក្រង់នៅរលត់នៅឡើយ លុះក្រោយ ៦-៨ វិនាទីទើបវាឆេះឡើង។
អ្នកប្រើប្រាស់ដដែលបានបន្ថែមថា នៅពេលដែលខ្ញុំចុច Restart (បិទ/បើក) វា បញ្ហាក៏ត្រូវរលាយបាត់ដោយឯកឯង ប៉ុន្តែ ក្រោយពីមានការហៅចូលមកពី ១៥ ទៅ ២០ ដង វាក៏កើតឡើងសារជាថ្មី។
តើប្រិយមិត្តដែលកំពុងប្រើប្រាស់ iPhone X មានជួបប្រទះបញ្ហាដូចគ្នានេះដែរឬទេ? បើមានអាចចូលរួមចែករំលែកនៅប្រអប់ Comment ខាងក្រោមបាន។
ទាក់ទងទៅនឹងបញ្ហានេះ គឺវាអាចបណ្តាលមកពីកំហុសឆ្គងផ្នែក Software ដែលយើងសង្ឃឹមថា Apple នឹងជួសជុលវាតាមរយៈកំណែ iOS ជំនាន់បន្ទាប់៕
ប្រភពព័ត៌មានៈ businessinsider
មតិយោបល់