ព័ត៌មានបច្ចេកវិទ្យា

វិធី ៣ យ៉ាងអាចបិទផ្តាច់ដំណើរការកម្មវិធីណាមួយក៏បាន

យើងគ្រប់គ្នាមិនចាំបាច់តែបិទកម្មវិធី រាល់ពេលឈប់ប្រើនោះទេ គឺគ្រាន់តែចុចប៊ូតុង Home ចាកចេញពីកម្មវិធីបានហើយ ដោយសារតែប្រព័ន្ធ iOS វាមានលក្ខណៈពិសេសម្យ៉ាងត្រង់ថា រាល់ពេលដែលយើងចាកចេញពីកម្មវិធីណាមួយ ដោយចុចប៊ូតុង Home ប្រព័ន្ធនឹងផ្តាច់ ឬបញ្ឈប់ដំណើរការរបស់វាភ្លាមដូចគ្នា ដោយឡែកតែកម្មវិធីសំខាន់ៗមួយចំនួនដូចជាកម្មវិធី Facebook, Messenger, Instagram ឬកម្មវិធីសារអេឡិចត្រូនិចមួយចំនួនប៉ុណ្ណោះ ដែលទាមទារដំណើរការលើ Background

យ៉ាងណាក្តី អ្នកក៏នៅតែត្រូវការបិទផ្តាច់ដំណើរការកម្មវិធីមួយចំនួនរាល់ពេលដែលឈប់ប្រើវា ជៀសវាងទុកឱ្យវាដំណើរការលើ Background ដែលជាហេតុបណ្តាលឲ្យថ្មឆាប់អស់។ លើសពីនេះ អ្នករឹតត្រូវការចេះពីវិធីបិទផ្តាច់ដំណើរការកម្មវិធីនីមួយៗ សម្រាប់ទុកអនុវត្តពេលកម្មវិធីណាមួយជាប់គាំង ដោយពុំចាំបាច់ឈានដល់ដំណាក់កាល Restart នោះឡើយ។

ក្នុងចំណោមវិធីសាស្រ្តទាំងបី ៣ យ៉ាងនេះ វិធីសាស្រ្តទីមួយ ប្រិយមិត្តមួយចំនួនប្រហែលជាបានដឹងហើយ​ ប៉ុន្តែ វិធីសាស្រ្តពីរទៀត ប្រិយមិត្តខ្លះប្រហែលជាមិនដែលសូម្បីតែឮផង។

វិធីសាស្រ្តទី ១

១ – ចុចលើប៊ូតុង Home ពីរដង (ចុចឲ្យបានរហ័ស) ឬចុចសង្កត់ (Force touch) ត្រង់គែមអេក្រង់ផ្នែកខាងឆ្វេង ដើម្បីបើកផ្ទាំងប្តូរកម្មវិធីប្រើប្រាស់ (សម្រាប់ស៊េរី iPhone 6s ឡើង)

២ – អូសឆ្វេង ឬអូសស្តាំដើម្បីជ្រើសយកកម្មវិធីដែលបម្រុងនឹងបិទផ្តាច់ដំណើរការរបស់វា ដោយឈរនៅលើកម្មវិធីនោះ

៣ – អូសកម្មវិធីមួយនោះឡើងលើ ដើម្បីបិទផ្តាច់ដំណើរការ។

វិធីសាស្រ្តទី ២

១ – ចុចលើប៊ូតុង Home ពីរដង (ចុចឲ្យបានរហ័ស) ឬចុចសង្កត់លើគែមអេក្រង់ផ្នែកខាងឆ្វេង ដើម្បីបើកផ្ទាំងប្តូរកម្មវិធីប្រើប្រាស់

២ – អូសឆ្វេង ឬអូសស្តាំដើម្បីជ្រើសយកកម្មវិធីដែលបម្រុងនឹងបិទបញ្ឈប់ដំណើរការ អាចបិទផ្តាច់ម្តងបានបី

៣ – ប្រើម្រាមដៃបីចុចឲ្យចំកម្មវិធីទាំងបី រួចអូសឡើងលើ អ្នកប្រាកដជាអាចបិទផ្តាច់ដំណើរការកម្មវិធីទាំងបីនោះបានក្នុងពេលតែមួយ។

វិធីសាស្រ្តទី ៣

នៅត្រង់វិធីសាស្រ្តមួយនេះ អាចអនុវត្តបានពេលដែលកម្មវិធីណាមួយគាំងមិនដំណើរការអ្វីសោះ។

១ – បើកចូលកម្មវិធីណាមួយ រង់ចាំដំណើរការចប់ ឬប្រសិនបើកំពុងតែបើកកម្មវិធីណាមួយ ស្រាប់តែវាគំាងលែងដំណើរការ

២ – ចុចឲ្យជាប់ត្រង់ប៊ូតុង Power រហូតដល់ឃើញផ្ទាំង “Slide to power off” លោតចេញមកចាំលែងដៃ

៣ – ចុចឲ្យជាប់ត្រង់ប៊ូតុង Home រហូតដល់កម្មវិធីត្រូវបានបិទ ហើយវានឹងលោតទៅកាន់មឺនុយ Home វិញជាមិនខាន

វិធីសាស្រ្តទាំងអស់នេះមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងអនុវត្តន៍មែនពិត តែអ្វីដែលសំខាន់នោះគឺត្រូវស្វែងយល់ និងចេះប្រើឲ្យត្រូវកាលៈទេសៈ៕

មតិយោបល់