នាថ្ងៃអនាគតខាងមុខ គេអាចនឹងមិនចាំបាច់ដើរផ្សារទិញបន្លែបង្កាសម្រាប់ធ្វើម្ហូបដោយផ្ទាល់ទៀតនោះទេ គឺគ្រាន់តែចុចរើសយកប្រភេទបន្លែត្រីសាច់ ឬគ្រឿងទេសផ្សេងៗតាមទូរសព្ទដៃ ឬកុំព្យូទ៍រ នោះនឹងមានអ្នកដឹកជញ្ជូនមកដល់ផ្ទះឱ្យតែម្តង។ ការសន្និដ្ឋាននេះ គឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Amazon ត្រូវគេរាយការណ៍ថា បានទិញយកក្រុមហ៊ុនផ្សារបន្លែទំនើបលំដាប់ខ្ពស់មួយឈ្មោះ Whole Foods ជាមួយទឹកប្រាក់ ១៣.៧ ពាន់លានដុល្លារ។

យ៉ាងណាមិញ គេពុំទាន់ទទួលបានព័ត៌មានលម្អិតស្តីពីកិច្ចព្រមព្រៀងតម្លៃពាន់លាននេះនៅឡើយទេ ប៉ុន្តែ គេអាចប៉ាន់ដឹងថា ក្រុមហ៊ុនផ្សារទំនើបអនឡាញយក្សរបស់អាមេរិក ចង់ពង្រីកវិសាលភាពរបស់ខ្លួន ចូលទៅក្នុងទីផ្សារលក់រាយតាមអនឡាញលើមុខទំនិញម្ហូបអាហារ ហើយក្រុមហ៊ុនប្រហែលជាគ្រោងនឹងប្រើប្រាស់ផ្សារបន្លែនេះ ក្នុងចក្ខុវិស័យអាជីវកម្មផ្សេងពីអ្វីដែលផ្សារនោះបាននិងកំពុងប្រតិបត្តិនាពេលបច្ចុប្បន្ន។ ឧទាហរណ៍ អាចប្រើសម្រាប់ទទួលការបញ្ជាទិញបន្លែបង្កាតាមប្រព័ន្ធអនឡាញពីសំណាក់អតិថិជន ជាមួយការផ្តល់សេវាកម្មដឹកជញ្ជូនដល់គេហដ្ឋាន។
តាមការឱ្យដឹងពីក្រុមហ៊ុនទាំងពីរ ម្ចាស់ផ្សារនឹងបន្តបើកដំណើរការផ្សារបន្លែរបស់ខ្លួនក្រោមស្លាក Whole Foods ដដែល។

គួរបញ្ជាក់ថា Whole Foods បានបើកដំណើការអាជីវកម្មរបស់ខ្លួនអស់រយៈពេលជិត ៤ ទសវត្សន៍មកហើយ។ បច្ចុប្បន្ន ផ្សារបន្លែនេះមិនត្រឹមតែមានសាខាច្រើនលើសលុបនៅក្នុងទឹកដីសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែ ក៏មានដែរនៅក្នុងចក្រភពអង់គ្លេសនូវសាខារបស់ខ្លួនចំនួន ៩ ដោយក្នុងនោះ មាន ៧ ក្នុងទីក្រុងឡុងដ៍៕
ប្រភពព័ត៌មានៈ theinquirer
មតិយោបល់