ព័ត៌មានបច្ចេកវិទ្យា

Samsung នឹងប្តូររចនាបទសម្បកក្រោយ Galaxy S9 ឱ្យខុសឆ្ងាយពី S8 បច្ចុប្បន្ន

ទូរសព្ទដៃ Samsung Galaxy S9/ S9+ ត្រូវគេរំពឹងថា នឹងមានការកែប្រែរចនាបទសម្បកខាងក្រោយឱ្យមានលក្ខណៈខុសប្លែកខ្លាំងពីម៉ូឌែលបច្ចុប្បន្ន បន្ថែមពីលើការបង្កើនសមត្ថភាពផ្នែកខាងក្នុងរបស់ទូរសព្ទ។

យោងតាមព័ត៌មានចចាមអារ៉ាមថ្មីមួយបានឱ្យដឹងថា ក្រុមហ៊ុន Samsung នឹងធ្វើការផ្លាស់ប្តូររចនាបទចាស់នៃស្មាតហ្វូនត្រកូល Galaxy S របស់ខ្លួន លើសម្បកតួខាងក្រោយ។ ជាមួយគ្នានោះដែរ របាយការណ៍ថ្មីមួយពី Android Headlines បានឱ្យដឹងថា​តួខាងក្រោយរបស់ Galaxy S ស៊េរីឆ្នាំ ២០១៨ នឹងមានការផ្លាស់​ប្តូរច្រើន ពិសេសលើទីតាំងបន្ទះស្កេនក្រយៅដៃតែម្តង។

ការផ្លាស់ប្តូរនេះត្រូវគេរំពឹងថា នឹងលេចឡើងតាមរយៈការបំពាក់កាមេរ៉ាភ្លោះនៅខាងក្រោយ ជាមួយបន្ទះស្កេនក្រយៅដៃឋិតក្រោមភ្នែកកាមេរ៉ា ខុសពី Galaxy S8/ S8+ ដែលមានកាមេរ៉ាតែមួយ និងបន្ទះស្គេនឋិតនៅខាងស្តាំ។

ព័ត៌មាននេះ គឺផ្ទុយពីរបាយការណ៍របស់ Trusted Review ដែលថា បន្ទះស្គេនក្រយៅដៃរបស់ Galaxy S ជំនាន់បន្ទាប់ នឹងបំពាក់នៅខាងក្រោយស្រទាប់កញ្ចក់អេក្រង់។ ប៉ុន្តែ បើតាមប្រភពពី Ice Universe បច្ចេកវិទ្យាសន្តិសុខថ្មីនោះ Samsung នឹងយកវាទៅបំពាក់ឱ្យ Galaxy Note 9 គឺមិនមែន S9 ឬ S9+ នោះទេ។

ទូរសព្ទដៃទំនើបលំដាប់កំពូល Samsung Galaxy S9/ S9+ ត្រូវគេរំពឹងថា នឹងប្រកាសចេញនៅត្រីមាសទីមួយនៃឆ្នាំ ២០១៨ ចំណែកតម្លៃរបស់វា គេមិនទាន់ដឹងនៅឡើយ តែអាចប្រហាក់ប្រហែលនឹងជំនាន់បច្ចុប្បន្ន​របស់វា៕

ប្រភពព័ត៌មានៈ inquisitr

មតិយោបល់