លោកអ្នកដែលប្រើប្រាស់ទូរសព្ទដើរលើប្រព័ន្ធ Android ដូចជា Samsung, LG, Huawei, Oppo ប្រាកដជាពិបាក ឬមិនពេញចិត្តឡើយចំពោះគុណភាពរូបថតដែលផ្តិតចេញពីកាមេរ៉ាទូរសព្ទរបស់ខ្លួននៅពេលយប់ហើយ។ ទាំងនេះ គឺជារឿងធម្មតានោះទេ សូម្បីតែម៉ាស៊ីនថតធំៗក៏ដូច្នេះដែរ ពីព្រោះពន្លឺគឺជាប្រភពនៃរូបភាព “គ្មានពន្លឺ គឺគ្មានរូបភាព”។
ទោះយ៉ាងណា កម្មវិធី Camera ទូរសព្ទ Android បានភ្ជាប់មកជាមួយមុខងារមួយចំនួនអាចជួយលោកអ្នកឱ្យអាចថតរូបបានស្អាតល្អ ទោះឋិតក្នុងស្ថានភាពពន្លឺខ្សោយក៏ដោយ ប៉ុន្តែ លោកអ្នកក៏ត្រូវដឹងគន្លឹះមានប្រយោជន៍ ៦ យ៉ាង ដែល Post Tech លើកយកមកបង្ហាញជូនដូចខាងក្រោមនេះផងដែរ៖
១- បើកមុខងារ HDR Mode
HDR (High Dynamic Range) គឺជាមុខងារដ៏មានប្រយោជន៍នៅក្នុងកម្មវិធីកាមេរ៉ាទូរសព្ទ។ វាត្រូវបានបង្កើតឡើងសម្រាប់ការថតរូបទេសភាព ថតរូបមួយកំណាត់ខ្លួនជាមួយពន្លឺថ្ងៃ និងថតរូបនៅទីមានពន្លឺទាប/អំពូលក្រោយ។ នៅពេលបើកមុខងារនេះ ទូរសព្ទលោកអ្នកនឹងចាប់យករូបភាពបីដងលើទីកន្លែងតែមួយ រួចវានឹងជ្រើសរើសយករូបណាដែលល្អស្អាតបំផុត។ លោកអ្នកអាចបើក HDR Mode របស់កម្មវិធី Camera ក្នុង Settings ឬលើមឺនុយខាងលើរបស់កម្មវិធី។
២– ប្រើមុខងារកំណត់វិនាទីថត Self-Timer
ការប្រើប្រាស់មុខងារ Self-Timer នៅពេលយប់ ឬក៏ពេលថ្ងៃរមែងជាគំនិតល្អសម្រាប់គុណភាពរូបថត។ វាមិនត្រឹមតែជួយឱ្យលោកអ្នកមានពេលសម្រាប់ស្វែងរកមុំដែលល្អបំផុតនោះទេ ប៉ុន្តែ ក៏អាចជួយបញ្ជៀសនូវភាពព្រាលនៃរូបថតផងដែរ ហើយជម្រើសល្អគឺកំណត់វាពី ៥ ទៅ ១០ វិនាទី។
៣– ការបើកពិល Flash ជំនួយមិនរមែនជាដំណោះស្រាយល្អ
ការប្រើពិល Flash ថតរូបពេលយប់ នឹងធ្វើឱ្យវត្ថុ ឬមនុស្សនៅកៀកភ្លឺខ្លាំង ឯផ្ទៃរូបខាងក្រោយងងឹតមិនស្អាត ដែលនេះគឺដោយសារពន្លឺ flash កាមេរ៉ាទូរសព្ទមិនអាចជះបានឆ្ងាយនោះទេ។ ដំណោះស្រាយល្អគឺ លោកអ្នកគួរស្វែងរកប្រភពពន្លឺ ដូចជាពន្លឺអំពូលដងគោងតាមផ្លូវជាដើម បន្ទាប់មកជ្រើសរើសទីតាំង ឬមុំណាមួយ ដើម្បីទាញយកប្រយោជន៍ពីវា។
៤– បង្កើនកម្រិត ISO ទៅ 400
មុខងារ ISO នៅក្នុងកម្មវិធី Camera មាននាទីជួយបន្ថែម/បន្ថយពន្លឺក្នុងពេលថតរូប។ កាលណាលោកអ្នកកំណត់លេខវាកាន់តែខ្ពស់ រូបថតនឹងកាន់តែភ្លឺ។ ដូច្នេះ បើទូរសព្ទ Android លោកអ្នកមានមុខងារនេះ អាចកំណត់វាឱ្យឡើងដល់ 400 បាន ដើម្បីទទួលបាននូវរូបថតដ៏អស្ចារ្យមួយដោយមិនចាំបាច់បើកពិល Flash។
៥– ប្រើមុខងារ Pro ប្រសិនមាន
កម្មវិធីកាមេរ៉ាទូរសព្ទ Android ភាគច្រើន មានភ្ជាប់មកជាមួយមុខងារ Pro។ សូមកុំអល់អែកក្នុងការប្រើមុខងារនេះអី ព្រោះវាអាចជួយឱ្យការផ្តិតយករូបភាពនៅពេលយប់បានល្អស្អាតបំផុត។ ដើម្បីបើកមុខងារនេះប្រើ លោកអ្នកអាចចូលទៅជ្រើសរើសកែនៅខាងក្នុង Settings ឬនៅលើផ្ទាំងកម្មវិធី Camera ខណៈពេលកំពុងបើកថតបាន។
៦– ដឹងពន្លឺប៉ុណ្ណាទើបល្មមថតស្អាត
ដើម្បីអាចថតរូបភាពពេលយប់ឱ្យបានស្អាតល្អ លោកអ្នកក៏ត្រូវចេះមើលថា តើកម្រិតពន្លឺអប្បរមាប៉ុណ្ណាទើបគ្រប់គ្រាន់។ តាមសមត្ថភាពកាមេរ៉ាទូរសព្ទភាគច្រើន ត្រឹមពន្លឺបង្គោលភ្លើងតាមដងផ្លូវ ចង្កៀងរថយន្ត និងអំពូលស្លាកយីហោហាងជាដើម។ល។ គឺវាល្មមអាចផ្តិតយករូបថតបានម៉ាអេមហើយ។ លោកអ្នកអាចសាកបើកពន្លឺពិលជំនួយបានក្នុងស្ថានភាពពន្លឺបែបនេះ ប៉ុន្តែ ត្រូវជ្រើសរើសទីតាំងថតដែលប្រើប្រភពពន្លឺទាំងនោះជា Background៕
មតិយោបល់