អេក្រង់ OLED គឺជាសមាសធាតុផ្សំដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយដែលនឹងយកទៅបំពាក់ឱ្យទូរសព្ទ iPhone ម៉ូឌែលពិសេសរបស់ក្រុមហ៊ុន Apple ដែលបើតាមព័ត៌មានក្រៅផ្លូវការចុងក្រោយ វានឹងមានឈ្មោះថា iPhone X មិនមែន iPhone 8 នោះទេ។
ប្រាកដណាស់ថា កញ្ចក់អេក្រង់ស្មាតហ្វូនប្រភេទនេះ នឹងអាចបញ្ចេញពណ៌ និងពន្លឺកាន់តែច្បាស់ ហើយដិតល្អជាងអេក្រង់ប្រភេទ IPS LCD ដែល Apple កំពុងប្រើប្រាស់សព្វថ្ងៃ។ ប៉ុន្តែ វាក៏មានគុណវិបត្តិមួយចំនួនដែលទាមទារឱ្យក្រុមហ៊ុនធ្វើការដោះស្រាយផងដែរ។
យោងតាមគេហទំព័រ 9to5mac ដែលបានទទួលទិន្នន័យបែកធ្លាយពី iOS 11 GM បានបង្ហាញឱ្យឃើញថា កូដនៅក្នុងប្រព័ន្ធប្រតិបត្តិ iOS មានដាក់បញ្ចូលនូវកម្មវិធីមួយ សម្រាប់ការពារអេក្រង់ OLED ពីការឆេះនៃពណ៌ដែលមានកម្រិតភាពច្បាស់ដ៏ខ្ពស់។
ការឆេះនេះ គឺអាចនឹងកើតឡើងនៅពេលដែលអេក្រង់ត្រូវបានបើកដំណើរការចាក់បញ្ចាំងរូបភាពរយៈពេលយូរ ធ្វើឱ្យវាជាប់គាំង ដោយបញ្ហានេះ ធ្លាប់បានកើតឡើងធ្ងន់ធ្ងរនៅលើទូរទស្សន៍ប្រភេទ Plasma រួចទៅហើយ។
ទោះយ៉ាងណា ពុំមានការចង្អុលបង្ហាញច្បាស់លាស់ណាមួយពីវិធីដែល Apple ប្រើដើម្បីការពារអេក្រង់ពីបញ្ហានេះនោះទេ ប៉ុន្តែ បើតាមកូដកម្មវិធីនៅលើប្រព័ន្ធប្រតិបត្តិការថ្មីបង្ហាញថា ក្រុមហ៊ុនកំពុងព្យាយាមទប់ស្កាត់បញ្ហានោះមិនឱ្យកើតឡើងឡើយ ដូច្នេះ គ្រប់គ្នាមិនចាំបាច់បារម្ភអំពីរឿងនេះនោះទេ។
គួររំឭកថា iPhone ជំនាន់បន្ទាប់នេះ ត្រូវគេអះអាងថា នឹងបំពាក់អេក្រង់គ្មានគែមសងខាងទំហំ ៥.៨ អីុញ អាចសាកថ្មដែលមានថាមពលកាន់តែខ្លាំងតាមបច្ចេកវិទ្យាឥតខ្សែ ប្រើ RAM ទំហំ ៣ GB និងមានជម្រើសមេម៉ូរីក្នុងម៉ាស៊ីនទំហំ ១២៨/២៥៦ GB ចំណែកតម្លៃវិញអាចនឹងហក់ដល់ ១២០០ ដុល្លារ៕
ប្រភពព័ត៌មានៈ bgr
មតិយោបល់