ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Tesla នឹងប្រគល់រថយន្តអគ្គិសនីស៊េរីថ្មីដល់អតិថិជន ៣០ នាក់ដំបូង នៅចុងខែកក្កដា នេះហើយ!

ក្រុមហ៊ុន Tesla តាមរយៈលោក Elon Musk បានប្រកាសតាមទំព័រ Twitter ផ្លូវការរបស់ខ្លួនថា អតិថិជនដែលបានកម្ម៉ង់ទិញរថយន្ត Tesla Model 3 ចំនួន ៣០ នាក់ដំបូង នឹងទទួលបានទំនិញរបស់ខ្លួននៅថ្ងៃទី ២៨ កក្កដា​ ខាងមុខនេះហើយ។

ថៅកែក្រុមហ៊ុនផលិតរថយន្តដើរដោយថាមពលអគ្គិសនី ១០០% ដ៏ល្បីល្បាញរបស់អាមេរិករូបនេះ បានអះអាងបន្ថែមថា រថយន្តស៊េរីចុងក្រោយបង្អស់របស់ខ្លួនទទួលបានការអនុញ្ញាត្តខាងផ្លូវច្បាប់គ្រប់យ៉ាងរួចរាល់អស់ហើយ សម្រាប់ចង្វាក់ផលិតកម្មរបស់វា គឺមុនការគ្រោងទុកចំនួនពីរសប្តាហ៍។

លោកបន្ថែមថា ក្រុមហ៊ុននឹងអាចផលិតរវាចេញបានចំនួន ១០០ គ្រឿង នៅខែសីហា ហើយនឹងបង្កើនដល់ ១៥០០ គ្រឿង ក្នុងខែកញ្ញា។ ប្រធានក្រុមហ៊ុនអវកាស SpaceX រូបនេះបានបន្ថែមទៀតថា៖ «យើងអាចនឹងផលិតរថយន្ត Model 3 បានចំនួន ២០,០០០ គ្រឿង ក្នុងមួយខែ នៅខែវិច្ឆិកា។

រថយន្តអគ្គិសនីដ៏ប្រណិត និងដ៏ទំនើបស៊េរីថ្មីនេះ ពុំមានស្លាកតម្លៃជាក់លាក់នោះទេ ដែលនេះវាប្រហែលអាស្រ័យទៅតាមជម្រើសសមត្ថភាពផ្សេងៗរបស់វាដែលអតិ​ថិជនត្រូវការ ប៉ុន្តែ តាមការប្រកាស Tesla Model 3 មានតម្លៃចាប់ពី ៣៥,០០០ ដុល្លារ (តម្លៃលក់ក្នុងតំបន់) ហើយវាអាចរត់បានចម្ងាយយ៉ាងហោចណាស់ជិត ៣៥០ គីឡូម៉ែត្រ បន្ទាប់ពីសាកអាគុយបំពេញម្តងៗ៕

ប្រភពព័ត៌មានៈ cnet

មតិយោបល់