ព័ត៌មានបច្ចេកវិទ្យា

អ្នកវិភាគៈ​ iPhone 8 អាចនឹងរុញ Apple ឱ្យក្លាយជាក្រុមហ៊ុនទ្រីលានដុល្លារមុនដំបូងគេលើពិភពលោក

បច្ចុប្បន្ន Apple គឺជាក្រុមហ៊ុនដែលកំពុងឈរនៅលើតារាងកំពូលនៃក្រុមហ៊ុនដែលមានតម្លៃបំផុតនៅលើពិភពលោក ជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ៧៥២ ប៊ីលានដុល្លារ ( ១ប៊ីលាន = ១ពាន់លាន) ដោយសារតែភាពជោគជ័យដែលទទួលបានមួយចំណែកធំពីអាជីវកម្មទូរសព្ទដៃស៊េរី iPhone។

បើយោងតាមអ្នកវិភាគមួយរូបមកពីក្រុមហ៊ុនធនាគារវិនិយោគ Drexel Hamilton ឈ្មោះ Brian White បានប៉ាន់ប្រមាណថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះ នឹងក្លាយជាក្រុមហ៊ុនមុនដំបូងគេក្នុងប្រវត្តិសាស្រ្ត ដែលមានទ្រព្យធនដល់ខ្ទង់ទ្រីលានដុល្លារ (ទ្រីលាន=មួយពាន់ពាន់លាន) ដោយសារតែវត្តមាននៃកំពូលទូរសព្ទដៃ iPhone 8 ដែលគេជឿថា នឹងពាំនាំមកជាមួយសមត្ថភាព និងបច្ចេកវិទ្យាកាន់តែខ្ពស់ និងអស្ចារ្យខ្លាំងដើម្បីអបអរខួបគម្រប ១០ ឆ្នាំរបស់វា។

អ្នកឯកទេសខាងវាយតម្លៃហិរញ្ញវត្ថុរូបនេះបានបន្ថែមថា Apple កាលពីខែឧសភា បានបង្ហើបពីគោលបំណងរបស់ខ្លួនក្នុងការលក់ហ៊ុនចេញបន្ថែមពី ១៧៥ ដល់ ២១០ ពាន់លានដុល្លារ ខណ:បច្ចុប្បន្ន ហ៊ុនរបស់ក្រុមហ៊ុនមានចំនួន ៥.៤ ពាន់លាន។

លោក White ជឿថា តាមរយ:ការមកដល់របស់ iPhone 8 តម្លៃហ៊ុនរបស់ក្រុមហ៊ុន Apple អាចនឹងកើនយ៉ាងឆាប់រហ័សក្នុងរយ:ពេល ១២ ខែបន្ទាប់ គឺនឹងអាចឡើងដល់ ២០២ ដុល្លារ/ហ៊ុន ខណ:ខ្លួនត្រូវការតែប្រមាណ ១៨៥ ដុល្លារ/ហ៊ុន ប៉ុណ្ណោះ គឺអាចក្លាយជាក្រុមហ៊ុនដែលមានទ្រព្យសម្បត្តិដល់ ១ ពាន់ពាន់លានដុល្លារហើយ។

គួរបញ្ជាក់ថា យោងតាមព័ត៌មានក្រៅផ្លូវការគួរឱ្យជឿទុកចិត្តកន្លងមក iPhone 8 នឹងប្រកាសចេញនាពេលឆាប់ៗខាងមុខ ជាមួយរចនាបទថ្មី ប្រើអេក្រង់ប្រភេទ OLED កាមេរ៉ាកាន់តែទំនើបខ្លាំង បំពាំក់សមាសភាព Hardware និងបច្ចេកវិទ្យាឈានមុខជាច្រើនផ្សេងទៀត ដែលវានឹងរុញឱ្យតម្លៃហ៊ុនរបស់ Apple ស្ទុះឡើងខ្លាំង៕

ប្រភពព័ត៌មាន: yahoo

មតិយោបល់