ព័ត៌មានបច្ចេកវិទ្យា

វ៉ែនតា Facebook VR ឆ្នាំ ២០១៨ គ្រោងបញ្ចុះថ្លៃ ៥០% មកនៅត្រឹម…

ក្រុមហ៊ុន Oculus របស់ក្រុមហ៊ុន Facebook គ្រោងនឹងបន្ទាបតម្លៃផលិតផលវ៉ែនតា VR ជំនាន់ថ្មីរបស់ខ្លួន សម្រាប់ឆ្នាំ ២០១៨ ឱ្យមកនៅត្រឹម ២០០ ដុល្លារ ក្នុងមួយគ្រឿង។ នេះបើយោងតាមរបាការណ៍ថ្មីមួយពីគេហទំព័រ Bloomberg។

របាយការណ៍ដដែលបានឱ្យដឹងបន្ថែមថា វ៉ែនតាជំនាន់ថ្មីនោះ នឹងមិនចាំបាច់ប្រើភ្ជាប់ជាមួយកុំព្យូទ័រដើម្បីដំណើរការមុខងាររបស់វាទៀតនោះទេ ដែលនេះគឺខុសពីវ៉ែនតា Ouclus Rift លំដាប់ខ្ពស់បច្ចុប្បន្ន។ ម្យ៉ាងទៀត វានឹងមានការរចនាដោយគ្មានដុំសាកជំនួយពីខាងក្រៅ ខុសពីវ៉ែនតា Gear VR លំដាប់ថ្នាក់ទាបរបស់ក្រុមហ៊ុន Samsung ដែលទាមទារឱ្យប្រើភ្ជាប់ជាមួយទូរសព្ទ។

វ៉ែនតាតម្លៃ ២០០ ដុល្លារនេះដែរ ត្រូវគេរាយការណ៍មកថា មានឈ្មោះសម្គាល់ Pacific។ ទោះយ៉ាងណា វាមិនទាន់មានម៉ូដគំរូសម្រាប់បង្ហាញនៅឡើយទេ។ ប៉ុន្តែ ក្រុមហ៊ុនអះអាងថា ខ្លួនកំពុងធ្វើការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗមួយចំនួន ដើម្បីបង្កើតចេញនូវប្រភេទវ៉ែនតាបច្ចេកវិទ្យា VR ថ្មីមួយ ដែលអាចប្រើដាច់តែឯងបាន។

យោងតាមប្រភពពី Bloomberg ឧបករណ៍បច្ចេកវិទ្យាបញ្ចាំងរូបភាពបែបរង្វិលជុំ ៣៦០ ដឺក្រេនេះ នឹងទទួលម៉ៅការផលិតដោយក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិន Xiaomi ដែលមានលោក Hugo Barra ដែលជាថ្នាក់ ដឹកនាំកំពូល។

គួរបញ្ជាក់ថា Oculus Rift ជំនាន់បច្ចុប្បន្នរបស់ Facebook គឺមានតម្លៃដល់ទៅ ៤០០ ដុល្លារ។ ម្យ៉ាងទៀត វាថែមទាំងទាមទារប្រើជាមួយកុំព្យូទ័រទៀតផង ទើបអាចដំណើរការបាន៕

ប្រភពព័ត៌មានៈ businessinsider

មតិយោបល់