ក្រុមហ៊ុន Huawei នឹងធ្វើការបើកបង្ហាញបន្ទះឈីបអង្គប្រតិបត្តិការជំនាន់ថ្មីមួយ ដែលត្រូវបានរចនាឡើងដោយការច្របាច់បញ្ចូលរួមគ្នាដោយបន្ទះឈីប CPU, GPU និង AI នៅឆមាសទីពីរ ខាងមុខ។ នេះបើយោងតាមលោក Richard Yu នាយកប្រតិបត្តិក្រុមហ៊ុន Huawei ផ្នែក Customer Business Group ថ្លែងប្រាប់ទស្សនិជននៅឯវេទិកា China Internet Conference ឆ្នាំ ២០១៧។
បន្ទះឈីបថ្មីនោះ នឹងត្រូវបានដាក់បញ្ចូលរួមគ្នានូវមុខងាររបស់អង្គប្រតិបត្តិ CPU, អ្នកគណនាក្រាហ្វិច GPU និងបញ្ញាសិប្បនិម្មិត AI (Artificial Intelligence) ហើយវានឹងលើកយកមកបង្ហាញនៅឆមាសទីពីរ ឆ្នាំ ២០១៧ ។ ការអភិវឌ្ឍនូវបន្ទះឈីប 3-in-1 នេះ គឺធ្វើឡើងដើម្បីបង្កើនការប្រកួតប្រជែងរបស់ខ្លួនឱ្យបានកាន់ តែប្រសើរ ជាមួយក្រុមហ៊ុន Google និង Apple លើបច្ចេកវិទ្យាបន្ទះឈីប AI។
បន្ថែមពីលើនេះ លោក Yu បានពន្យល់ថា ក្រុមហ៊ុនកំពុងធ្វើការទៅលើបន្ទះឈីប Kirin 970 សម្រាប់បំពាក់ លើស្មាតហ្វូន Huawei Mate 10 ដែលនឹងចេញក្នុងពេលឆាប់ៗខាងមុខ។ លោក Yu បន្ថែមថា បន្ទះឈីបជំនាន់ថ្មីនោះ នឹងភ្ជាប់ដោយប្រព័ន្ធការពារសន្តិសុខសុវត្ថិភាពហិរញ្ញវត្ថុ ខណៈក្រុមហ៊ុនគ្រោងនឹងបន្ថែមការគាំទ្រលើមុខងារបញ្ជូនឥណទានធនាគារលើផលិតផលទូរសព្ទជំនាន់ថ្មីរបស់ខ្លួន៕

ប្រភពព័ត៌មានៈ phonearena
មតិយោបល់