ក្រុមហ៊ុន Porsche បានដំឡើងស្ថានីយ៍សាកអាគុយរថយន្តអគ្គិសនីល្បឿនលឿនដំបូងបង្អស់របស់ខ្លួន ចំនួនពីរកន្លែង នៅទីក្រុងប៊ែកឡាំង ដែលមានកម្លាំងផ្ទេរបន្ទុកថាមពល ៨០០ វ៉ុល និងកំពុងសាងសង់ស្ថានីយ៍មួយផ្សេងទៀត នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនក្នុងរដ្ឋអាតាឡង់តា សហរដ្ឋអាមេរិក។
ស្ថានីយថ្មីទាំងពីរ មិនត្រឹមតែអាចសាកអាគុយរថយន្តអគ្គិសនីកំពុងមាននាពេលបច្ចុប្បន្នក្នុងល្បឿន ១៥០ គីឡូវ៉ាត់ម៉ោង ប៉ុណ្ណោះទេ ប៉ុន្តែ វាក៏អាចសាករថយន្តអគ្គិសនីថ្ងៃអនាគតក្នុងល្បឿន ៣៥០ គីឡូវ៉ាត់ម៉ោង ផងដែរ។
ជាមួយសមត្ថភាពផ្ទេរថាមពលដ៏ខ្លាំងក្លានេះ វាអាចសាកអាគុយរថយន្ត Mission E របស់ក្រុមហ៊ុន Porsche បំពេញបាន ៨០ ភាគរយ ដោយប្រើពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះ។ ក្នុងថេរវេលានេះ ថ្វីត្បិតតែវាយូរជាងការរង់ចាំចាក់បំពេញសាំងរបស់រថយន្តធម្មតាក្តី ប៉ុន្តែ វាល្មមអាចឱ្យម្ចាស់រថយន្តមិនចាំបាច់ខ្វាយខ្វល់ច្រើនអំពីដំណើរកម្សាន្តទៅកាន់ទីឆ្ងាយពីស្ថានីយ៍របស់វាឡើយ។
នេះគឺជាការបោះជំហានដ៏ធំមួយរបស់ក្រុមហ៊ុនឆ្ពោះទៅកាន់អនាគតនៃរថយន្តអគ្គិសនីដែលកំពុងមានការប្រកួតប្រជែងគ្នាឆ្នាំ។ ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់មួយនេះ ក៏កំពុងគ្រោងដំឡើងស្ថានីយ៍សាកអាគុយឡានល្បឿនលឿនរបស់ខ្លួនបន្ថែមទៀត នៅក្នុងតំបន់អឺរ៉ុប ក្រោមការចាប់ដៃគូសហការជាមួយក្រុមហ៊ុនរថយន្តដទៃ។
ក្រុមហ៊ុន Porsche រំពឹងថា ផែនការពង្រីកស្ថានីយនេះ នឹងរួចរាល់មុនពេលការមកដល់នៃរថយន្តអគ្គិសនី Mission E របស់ខ្លួន ក្នុងឆ្នាំ ២០១៩៕
ប្រភពព័ត៌មានៈ engadget
មតិយោបល់