ព័ត៌មានបច្ចេកវិទ្យា

ឱ សិរីរម្យនា ផលិតកររូបថតវ័យក្មេង ចែករំលែកគំនិតច្នៃប្រឌិតលើការថតរូបបែបវិចិត្រសិល្បៈ និងម៉ូដ

ឱ សិរីរម្យនា បើនិយាយនៅក្នុងពិភពអ្នកថតរូប គឺមានមនុស្សតិចគ្នាណាស់ដែលមិនស្គាល់រូបគេ។ អ្នកថតរូបអាជីព និងអ្នកស្រឡាញ់ការថតរូបភាគច្រើនស្គាល់ រម្យនា តាមស្នាដៃរូបថតប្រកបដោយភាពច្នៃប្រឌិត និងស្អាតប្លែកគេជាច្រើន ដែលរូបគេបានដាក់ប្រកួតក្នុងកម្មវិធីប្រកួតថតរូបផ្សេងៗទាំងក្នុងប្រទេស និងជាលក្ខណ:អន្តរជាតិ។

ឋិតក្នុងវ័យ ២០ ឆ្នាំ រម្យនា ទើបចាប់ផ្តើមរៀនជំនាញថត ផលិតរូបភាព-វីដេអូ រួមទាំងបច្ចេកទេសកាត់ត ក្នុងឆ្នាំ ២០១៤ ប៉ុណ្ណោះ ប៉ុន្តែ រូបគេបានចាប់កាន់ក្តារចុច និង Mouse កុំព្យូទ័រកាត់ត តាំងពីអាយុ ១២ ឆ្នាំមកម្លេះ ខណ:មានឳពុកជាផលិតករភាពយន្តឯករាជ្យជើងចាស់មួយរូប។

ការសិក្សាជំនាញថតរូបភាព-វីដេអូ

ខណ:បច្ចុប្បន្ន ជានិស្សិតឆ្នាំទី ១ នៃសកលវិទ្យាល័យ លីមកុកវីង កម្ពុជា សិក្សាលើឯកទេសរចនាបែបវិជ្ជាជីវ: (Professional Design) រម្យនា បានប្រាប់ Post Tech ថា ខ្លួនបានកសាងមុខជំនាញថតរូបភាព-វីដេអូផ្តោតសំខាន់លើបច្ចេកទេស តាមប្រព័ន្ធអីុនធើណែត។

រម្យនា និយាយថា៖ ខ្ញុំបានទិញមេរៀន និងកម្មវិធីសិក្សាមួយចំនួនពាក់ព័ន្ធមុខជំនាញ Photography (ថតរូប) និង Cinematography (ថតភាពយន្ត) តាមសាលាអនឡាញមួយចំនួនដូចជា Shaw Academy និង Udemy (សម្រាប់ Photography) និង Shane Hurlbut (សម្រាប់ Cinematography)។ ក្រៅពីនេះ គឺគេរៀនតាមការចង្អុលបង្ហាញក្នុងវីដេអូលើបណ្តាញ YouTube។

ថតរូបស្អាតមិនអាស្រ័យឧបករណ៍

ពាក់ព័ន្ធនឹងការផលិតរូបថត និងវីដេអូ រម្យនា បានប្រាប់ថា ខ្លួនប្រើតែម៉ាស៊ីនថតម៉ាក Canon ម៉ូឌែល 5D Mark III ជាមួយកាណុង (Len) ប្រភេទផ្សេងៗសម្រាប់ថតរូប និង Sony ម៉ូឌែល A6500 ជាមួយកាណុងប្រភេទ 16-70mm សម្រាប់ថតវីដេអូ ដែលអាចថតបានកម្រិត 4K និងបែប Slow-motion។

ក្រៅពីនេះ គឺប្រើសម្ភារជំនួយផ្សេងៗទៅតាមតម្រូវការដូចជា Steadicam (សម្រាប់រក្សាលំនឹងពេលថត), Slider (សម្រាប់ថតរំកិល), និង Jib Crane (សម្រាប់យោងកាមេរ៉ាថតពីលើទីខ្ពស់)។

ឆ្លើយតបទៅនឹងសំណួរ Post Tech ថាតើដើម្បីផលិតរូបថតមួយសន្លឹកឱ្យបានស្អាត ប្លែកពីគេ និងប្រកប​ដោយភាពទាក់ទាញ ទាមទារនូវសមត្ថភាពកាមេរ៉ាកម្រិតខ្ពស់ដែរឬទេ រម្យនា បានបញ្ជាក់ថា៖ វាមិនអាស្រ័យលើឧបករណ៍ទាំងស្រុងនោះទេ ប៉ុន្តែ សំខាន់លើភាពច្នៃប្រឌិត ឬទឹកដៃរបស់អ្នកថត ព្រោះកន្លងមករូបគេឃើញអ្នកខ្លះប្រើកាមេរ៉ាស៊េរីទាបៗទេ ប៉ុន្តែអាចថតរូបចេញមកស្អាតមិនចាញ់កាមេរ៉ាស៊េរីខ្ពស់ៗឡើយ។

សមិទ្ធផលកើតចេញពីស្នាដៃថតរូបរបស់រម្យនា

ចាប់តាំងពីរៀនជំនាញថតរូបក្នុងឆ្នាំ ២០១៤ មក រម្យនា បានឈ្នះពាន់ក្នុងកម្មវិធីប្រកួតថតរូបជាបន្តបន្ទាប់ ក្នុងនោះមានដូចជា៖

  • Canon Photomarathon V 2015: ចំណាត់ថ្នាក់លេខ ២ លើប្រធានបទ “ស្រមាលជីវិត”
  • Canon Photo Clinic 2016 (នៅជប៉ុន): ចំណាត់ថ្នាក់លេខ ៣ លើប្រធានបទ “ភាពស្រស់ស្អាតនៃពណ៌បៃតងដ៏អស្ចារ្យ”
  • Canon Photomarathon VI 2016: ចំណាត់ថ្នាក់លេខ១ លើប្រធានបទ “តន្រ្តី និងជីវិត”
  • Sony World Photography Award 2017: ចំណាត់ថ្នាក់លេខ៣ ក្នុងប្រទេស

បច្ចុប្បន្ន រម្យនា ក៏បានដាក់រូបថតមួយចំនួនសម្រាប់ចូលរួមក្នុងកម្មវិធីប្រកួតថតរូប Sony World Photography Award 2018 ផងដែរ ដោយរូបគេបានជ្រើសយកប្រធានបទថតរូបបែប Portrait, Motion, និង Enhance។

“Too think too much”

ការថតរូប គឺជាការបញ្ចេញនូវអារម្មណ៍

នៅក្នុងវិស័យថតរូប រម្យនា បានឱ្យដឹងថា វាត្រូវបានបែងចែកជាច្រើនផ្នែកខុសៗគ្នា ដូចជា ការថតរូបបែបទេសភាព ជីវិតប្រចាំថ្ងៃ អាហារ វិចិត្រសិល្ប: ម៉ូដ និងឯកសារ​ ជាដើម ដែលវាទាមទារនូវជំនាញ និង​គំនិតច្នៃប្រឌិតខុសៗគ្នា។ សម្រាប់ រម្យនា បច្ចុប្បន្នកំពុងផ្តោតសំខាន់ទៅលើការផលិតរូបថតបែបវិចិត្រសិល្ប: និងម៉ូដ ដែលទាមទារឱ្យមានការរចនា និងតុបតែងតួអង្គ ព្រមទាំងឆាកមុននឹងចាប់ថត។

ចំពោះការផលិតរូបថតមួយដែលល្អស្អាត ខុសប្លែកពីគេ និងប្រកបដោយភាពច្នៃប្រឌិត អ្នកថតរូបភាព-វីដេអូអាជីពវ័យក្មេងរូបនេះ បានបង្ហើបឱ្យដឹងថា ដំបូងឡើយគឺយើងត្រូវគិតពីសាច់រឿងតាមការស្រមើស្រមៃរបស់ខ្លួនជាមុនសិន រួចស្វែងរកគំនិតប្រមូលផ្តុំផ្សេងៗដែលទាក់ទងទៅនឹងអារម្មណ៍របស់យើង ហើយរៀបចំទីតាំងដើម្បីថតទៅតាមគំនិតដែលយើងបានគិតទុក។ បន្ទាប់មក រកតួអង្គម៉ូឌែលដែលសាកសម ហើយពេលថតរួច យើងត្រូវយករូបនោះទៅកែសម្រួលពណ៌ និងពន្លឺដើម្បីឱ្យវាមើលទៅកាន់តែស្អាត និងមានការទាក់ទាញ។

រម្យនា បានប្រាប់ថា៖ «ការថតរូបគឺជាការបញ្ចេញនូវអារម្មណ៍ ក៏ដូចជាគំនិតទៅក្នុងរូបភាពដែលបានផលិត ឱ្យមនុស្សគ្រប់រូបបានដឹង ដោយពួកគេគ្រាន់តែមើលឃើញរូបនោះ»។ «ហើយខ្ញុំជ្រើសយកអាជីពនេះ គឺដោយសារការស្រឡាញ់លើវិស័យថតរូប ហើយចង់ឱ្យមនុស្សគ្រប់គ្នាទទួលបាននូវឥទ្ធិពលពីរូបភាពរបស់ខ្ញុំ»។

ចង់ក្លាយជាផលិតកររូបថត-ភាពយន្ត និងតន្រ្តីករព្យាណូ

ក្នុងអាជីពជាអ្នកថតរូបភាព-វីដេអូឯករាជ្យវ័យក្មេងម្នាក់នៅក្នុងប្រទេសកម្ពុជា ដែលកំពុងមមាញឹកក្នុងកិច្ចការថតរូបឱ្យក្រុមហ៊ុនផ្សេងៗដូចជា KorKhor Creative Fashion, Queen Victoria, និងរំដួលមេឌៀ ព្រមទាំងទទួលសេវាថតរូបអនុស្សាវរីយ៍មុនថ្ងៃអាពាហ៍ពិពាហ៍ និងថតនៅស្ទេឌីយោផងនោះ រម្យនា មានក្តីស្រមៃធំៗបីនៅថ្ងៃអនាគត៖ ទី១ ចង់ក្លាយជាផលិតករភាពយន្តខ្នាតធំ ទី២ ជាផលិតកររូបថត និងទី៣ ជាតន្រ្តីករព្យាណូ។

កុំថតស្តាយ៍ដដែលៗ ហើយព្យាយាមអភិវឌ្ឍភាពច្នៃប្រឌិត

រម្យនា បានផ្តាំផ្ញើទៅដល់អ្នកដែលចង់កសាងខ្លួនឱ្យក្លាយទៅជាអ្នកថតរូបអាជីពនានាថា ដំបូងយើងត្រូវខំប្រឹងស្វែងយល់ ឬសិក្សាអំពីបច្ចេកទេសក្នុងការថត ស្វែងយល់ពីកាមេរ៉ា និងមុខងារកាណុងរបស់កាមេរ៉ា ការប្រើប្រាស់ និងគ្រប់គ្រងពន្លឺ បច្ចេកវិទ្យាកាត់ត ហើយជាពិសេស កុំថតរូបតាមស្តាយ៍ដដែល ប៉ុន្តែ ត្រូវព្យាយាមអភិវឌ្ឍភាពច្នៃប្រឌិតក្នុងការថត។

រម្យនា បានបន្ថែមថា ការថតរូបមានច្រើនប្រភេទ ដូច្នេះ យើងគួររៀន និងសាកល្បងឱ្យបានទាំងអស់ ពេលនោះយើងនឹងដឹងថា ប្រភេទមួយណាដែលខ្លួនយើងស្រឡាញ់ ហើយកុំខ្លាចការរិះគន់ពីអ្នកដទៃ ឬមជ្ឈដ្ឋានជុំវិញ ដោយព្យាយាមធ្វើអ្វីៗដែលយើងស្រឡាញ់៕

សកម្មភាពថតក្រៅឆាករបស់រម្យនា

អត្តបទដោយ: តិចសេង រូបថតផ្តល់ដោយ: រម្យនា

 

 

 

 

 

មតិយោបល់