ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិន Meizu បានប្រកាសចេញស្មាតហ្វូនម៉ូឌែលថ្មី Pro 7 ដោយមានបំពាក់អេក្រង់បន្ថែមមួយទៀតនៅសម្បកខាងក្រោយ ដែលគេជឿថា វាត្រូវបានរចនាឡើងជាពិសេស សម្រាប់ការថតរូបបែប Selfie ដ៏ល្អឥតខ្ចោះមួយ។
ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅលើទំព័រ Twitter ផ្លូវការរបស់លោកArd Boudelingប្រធានផ្នែកទីផ្សារសកលរបស់ក្រុមហ៊ុន Muzie ដោយមានអមរូបថតមួយសន្លឹកបង្ហាញរូបរាងទូរសព្ទ Pro 7 ផ្នែកខាងខ្នង មានបំពាក់អេក្រង់តូចរាងបញ្ឈរមួយខាងក្រោមកាមេរ៉ាភ្លោះ និងភ្ជាប់មកជាមួយពាក្យមួយឃ្លាថា “ជួបគ្នានៅថ្ងៃទី ២៦ កក្កដា”។
នៅប៉ុន្មានថ្ងៃមុននេះ ក៏មានការបែកធ្លាយរូបរាងរបស់ Meizu Pro 7 ជាមួយវត្តមានអេក្រង់ទីពីរនៅសម្បកខាងក្រោយរបស់វាផងដែរ។ តាមរយៈរូបនោះ គេអាចកត់សម្គាល់ឃើញថា អេក្រង់ដ៏ចម្លែកនោះ គឺជាអេក្រង់ពណ៌ធម្មជាតិ ហើយប្រហែលជាអាចលេងហ្គេមបានទៀតផងក៏មិនដឹង។
យ៉ាងណាក៏ដោយ ក្រុមហ៊ុនស្មាតហ្វូននៃប្រទេសចិនមួយនេះ មិនបានគូសបញ្ជាក់ថា អេក្រង់នោះសម្រាប់ប្រើការអ្វីឱ្យប្រាកដនោះទេ។ វាអាចត្រូវបានបង្កើតឡើងសម្រាប់ការថតរូបបែប Selfie តាមរយៈកាមេរ៉ាភ្លោះនៅខាងក្រោយ ដែលវាមានកម្រិតសមត្ថភាពខ្ពស់ និងមុខងារច្រើនជាងកាមេរ៉ាមុខ ក៏អាចថាបាន។
យោងតាមព័ត៌មានចចាមអារ៉ាមកន្លងមក Meizu Pro 7 នឹងប្រើបន្ទះឈីប Helio X30 ថ្មីរបស់ក្រុមហ៊ុន MediaTek បំពាក់អេក្រង់មុខទំហំ ៥.២ អីុញ កាមេរ៉ភ្លោះក្រោយ ១២ មេហ្គាភិចសែល ឯកាមេរ៉ាមុខ ១៦ មេហ្គាភិចសែល។ ទោះយ៉ាងណា វាជាការពិតឬយ៉ាងណា គឺមានតែរង់ចាំអ៊ុតមើលនៅថ្ងៃទី ២៦ កក្កដា ទាំងអស់គ្នាទេ៕
ប្រភពព័ត៌មានៈ mashable
មតិយោបល់