ព័ត៌មានបច្ចេកវិទ្យា

Apple បើកយុទ្ធនាការទាក់ចិត្តប្រជាជនចិនឱ្យប្រើសេវា Apply Pay ប្រជែងជាមួយ Alibaba

ក្រុមហ៊ុន Apple កំពុងបើកយុទ្ធនាការទីផ្សារទ្រង់ទ្រាយធំនៅក្នុងទឹកដីនៃប្រទេសចិន ដោយការផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសសម្រាប់អតិថិជនណាដែលជ្រើសរើសប្រើមធ្យោបាយទូទាត់សាច់ប្រាក់តាមរយៈសេវា Apple Pay របស់ខ្លួន ដើម្បីប្រជែងជាមួយ Alibaba និង Tencent Holdings ដែលជាក្រុមហ៊ុនម្ចាស់ស្រុក។

ក្នុងរវាងពីថ្ងៃទី ១៨ ដល់ ២៤ កក្កដា រាល់អតិថិជនដែលប្រើប្រាស់សេវា Apple Pay ដើម្បីគិតលុយថ្លៃទំនិញនៅតាមផ្សារខាងក្រៅ ឬលើអនឡាញក្នុងប្រទេសចិន ជាមួយម៉ាស៊ីនគិតលុយដែលមាននិម្មិតសញ្ញា Quick Pass (ទូទាត់រហ័ស) របស់ក្រុមហ៊ុន UnionPay នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥០%។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Apple ជាភាសាចិន។

យោងតាមគេហទំព័រដដែលបានឱ្យដឹងបន្ថែមថា ហាងលក់រាយសរុប ២៨ កន្លែង ភោជនីយដ្ឋាន និងផ្សារទំនើបៗដូចជា 7-Eleven, Watsons, Starbucks, និង Burger King ព្រមទាំងហាងអិុនធើណែតអនឡាញ ១៦ កន្លែងផ្សេងទៀត នឹងធ្វើការចូលរួមក្នុងយុទ្ធនាការបញ្ចុះតម្លៃនេះ។

គួរបញ្ជាក់ថា នេះគឺជាលើកទីមួយហើយដែលក្រុមហ៊ុន Apple បើកយុទ្ធនាការទីផ្សារដ៏ធំបំផុតមិនធ្លាប់មានដូច្នេះ សម្រាប់ទូទាត់វិក្កយបត្រចល័ត Apple Pay របស់ខ្លួននៅក្នុងប្រទេសចិន ចាប់តាំងពីវាបានឈានជើងចូលក្នុងទីផ្សារនៃប្រទេសនេះ នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៦។

ទោះយ៉ាងណា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ត្រូវប្រឈមការប្រកួតប្រជែងជាមួយសេវាកម្ម Alipay, WeChat Pay, និង Tencent Pay ក្រុមហ៊ុនបច្ចេកវិទ្យាយក្សក្នុងស្រុក ដែលកំពុងក្តោបក្តាប់អតិថិជនមួយភាគធំរួចទៅហើយ។

ម្យ៉ាងទៀត ខុសពីសេវាទូទាត់ថ្លៃទំនិញតាមទូរសព្ទចល័តទាំងនោះដែលអាចដំឡើងប្រើនៅលើគ្រប់ប្រភេទស្មាតហ្វូន Apple Pay អាចដំឡើងប្រើបានតែនៅលើទូរសព្ទ iPhone ស៊េរីថ្មីៗ និងនាឡិកាដៃ Apple Watch ប៉ុណ្តោះ គិតត្រឹមពេលបច្ចុប្បន្ន៕

ប្រភពព័ត៌មានៈ businessinsider

មតិយោបល់