ព័ត៌មានបច្ចេកវិទ្យា

Galaxy Note 4 ចំនួន ១០,០០០ គ្រឿង ប្រកាសប្រមូលមកវិញ ដោយសារបញ្ហាថ្មកើនកម្តៅខ្លាំង

បញ្ហាថ្មកើតមានលើទូរសព្ទដៃត្រកូល Galaxy Note របស់ក្រុមហ៊ុន Samsung ហាក់មិនទាន់ស្ងប់រលត់នៅ ឡើយទេ បន្ទាប់ពីគណកម្មការសុវត្ថិភាពផលិតផលអ្នកប្រើប្រាស់អាមេរិក CPSC (Consumer Product Safety Commission) បានចេញសេចក្តីប្រកាសប្រមូលទូរសព្ទម៉ូឌែលនេះ ១០,០០០ គ្រឿងមកវិញ បន្ទាប់ពីគេរកឃើញថា ថ្មរបស់វាអាចនឹងមានបញ្ហាកើនកម្តៅនាំឱ្យទូរសព្ទឆាបផ្ទុះឆេះ។

CPSC ក៏បានជំរុញឱ្យគ្រប់គ្នាបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ទូរសព្ទដែលត្រូវបានសង្ស័យថាមានបញ្ហាថ្មទាំងនោះ ហើយប្រញាប់​បិទ​វាចោលឈប់ប្រើភ្លាម។

គួររំឭកថា កាលពីខែកញ្ញាកន្លងទៅ ក្រុមហ៊ុន Samsung បានចេញសេចក្តីប្រកាសប្រមូលចូលមកវិញនូវ Galaxy Note 7s ជាងមួយលានគ្រឿង ដោយសារបញ្ហាស្រដៀងគ្នានេះ និងដែលបានធ្វើឱ្យទូរសព្ទផ្ទុះឆេះជាង ៩០ ករណី។

សម្រាប់ករណី Note 4 ពេលនេះ គឺក្រុមហ៊ុន FedEx Supply Chain ជាអ្នកផ្តួចផ្តើមឱ្យមានការប្រកាសប្រមូលនេះឡើងដោយស្ម័គ្រចិត្ត និងសម្តៅទៅលើតែឧបករណ៍អាចរងផលប៉ះពាល់ចំនួន ១០,០០០ គ្រឿងប៉ុណ្ណោះ។

មែនទែនទៅ​ FedEx បានទទួលរ៉ាប់រងកម្មវិធីធានាទូរសព្ទដែលប្រើប្រាស់ប្រព័ន្ធទូរសព្ទរបស់ក្រុមហ៊ុន AT&T ហើយក្រុមហ៊ុនដឹកជញ្ជូនមួយនេះ បានទទួលថ្មក្លែងក្លាយមានបញ្ហា យកទៅប្រើលើ Note 4 ដែលជុសជុលថ្មី រួចយកវាទៅប្តូរឱ្យអ្នកដែលដាក់ពាក្យស្នើសុំតាមរយៈក្រុមហ៊ុន AT&T។

ជារួមទៅ ទូរសព្ទដែលមានបញ្ហាថ្មទាំងអស់ គឺ Galaxy Note 4s ដែលគេយក Note 4 ជុសជុលថ្មីឡើងវិញ ដោយបំពាក់ទៅជាមួយថ្មដែលមានបញ្ហា និងបានចែកចាយរវាងខែធ្នូ ឆ្នាំ ២០១៦ និងខែមេសា ឆ្នាំ ២០១៧។

យោងតាមសេចក្តីថ្លែងការមួយរបស់ក្រុមហ៊ុន FedEx រហូតមកទល់ពេលនេះ មានឧប្បតិ្តវហេតុកើតឡើងដោយសារ Galaxy Note 4 កើនកម្តៅខ្លាំងជ្រុលតែមួយករណីប៉ុណ្ណោះ ហើយវាមិនបានបង្កការ​ខូច​ខាតទ្រព្យសម្បត្តិ ឬអ្នករងគ្រោះអ្វីនោះទេ។

តែទោះបីជាដូច្នេះក្តី ក្រុមហ៊ុនដឹកជញ្ជូនយក្សរបស់អាមេរិក ចាត់ទុកនេះជាបញ្ហាធ្ងន់ធ្ងរ ដែលទាមទារឱ្យមានការទប់ស្កាត់ជាបន្ទាន់៕

ប្រភពព័ត៌មានៈ techspot

មតិយោបល់