ព័ត៌មានសុខភាព

នេះជាមូលហេតុដែលអ្នកមិនគួរប្រញាប់គេង ក្រោយពេលបាយរួចភ្លាម!

ជាទូទៅបន្ទាប់ពីទទួលទានអាហាររួច អ្នកច្បាស់ជាមានអារម្មណ៍ងងុយគេង ក៏ប៉ុន្តែអ្នកមិនគួរគេងបន្ទាប់ពីទទួលទានអាហារពេលល្ងាចហើយភ្លាមនោះទេ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ទម្លាប់ក្នុងការគេង បន្ទាប់ពីទទួលទានបាយល្ងាចហើយភ្លាម អាចបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព៥ចំណុច។

ក្រហាយទ្រូង
នៅពេលដែលអ្នកគេងភ្លាមៗ បន្ទាប់ពីទទួលទានអាហារពេលល្ងាច ទឹកអាស៊ីតដែលជួយដំណើរការរំលាយអាហារ នឹងច្រាលទៅផ្លូវដង្ហើម និងបពង់ក។ ហេតុនេះហើយ ជាមូលហេតុដែលអ្នកនឹងមានអាការក្តៅក្នុងដើមទ្រូង ដែលជាញឹកញាប់គេតែងតែហៅថា ឆ្អល់ចុងដង្ហើម។

ប៉ះពាល់ដល់គុណភាពនៃការគេង
នៅពេលដែលរាងកាយរបស់អ្នកសម្រាក ប្រព័ន្ធរំលាយអាហារក៏ត្រូវការពេលវេលាសម្រាកដែរ។ ក៏ប៉ុន្តែ ការគេងភ្លាមៗ បន្ទាប់ពីញ៉ាំអាហាររួច គ្រូពេទ្យមិនបានណែនាំនោះទេ ព្រោះវាអាចធ្វើឲ្យគេងមិនគ្រប់ ឬកើតជំងឺគេងមិនលក់។

បង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម
កម្រិតជាតិស្ករក្នុងឈាមអាចនឹងកើនឡើង នៅពេលដែលអ្នកគេងភ្លាមៗបន្ទាប់ពីទទួលទានបាយរួច ដោយមិនបានធ្វើសកម្មភាពអ្វីសោះ។ ប្រសិនបើអ្នកមានទម្លាប់បែបនេះជាប្រចាំ អាចប្រឈមនឹងហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ កាន់តែខ្ពស់។ យកល្អ អ្នកត្រូវគេងក្រោយពេលទទួលទានអាហារពេលល្ងាចរយៈពេល ២ម៉ោង។

លំបាកក្នុងការរំលាយអាហារ
ប្រសិនបើអ្នកទទួលទានអាហារពេលល្ងាចច្រើន ហើយប្រញាប់ចូលគេងភ្លាមៗទៀតនោះ ដំណើរការរំលាយអាហារនឹងជួបផលលំបាក ហើយអ្នកអាចកើតមានអាការហើមពោះ និងចាល់ជាតិអាស៊ីតក្នុងក្រពះ។

ហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល
ការបរាជ័យ នៅក្នុងការរំលាយអាហារ អាចបណ្តោលឲ្យមានការកើនឡើងនៃបញ្ហាសម្ពាធឈាម និងកូឡេស្តេរ៉ុល។ បើយោងតាមការស្រាវជ្រាវជាច្រើនបានបង្ហាញថា ទម្លាប់គេងភ្លាមៗបន្ទាប់ពីទទួលទានអាហារពេលល្ងាចរួច អាចបង្កឲ្យមានបញ្ហាចាស់ជាតិអាស៊ីតនៅក្នុងរាងកាយ ដែលបង្កទៅជាជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ៕

មតិយោបល់