ព័ត៌មានបច្ចេកវិទ្យា

របាយការណ៍ចុងក្រោយ៖ iPhone 8 អាចថ្លៃដល់ ១២០០ ដុល្លារ

ចុងក្រោយនេះ Apple ត្រូវគេរាយការណ៍មកថា បានកំណត់តម្លៃលក់ iPhone 8 ដែលខ្លួនត្រៀមនឹងប្រកាសចេញផ្លូវការនៅថ្ងៃទី ១២ កញ្ញាខាងមុខរួចហើយ ហើយ​លោកអ្នកប្រាក​ដ​ជានឹងពេញចិត្តជាមួយលក្ខណៈសម្បត្តិដ៏សម្បូរបែប និងរចនាបទថ្មី ដ៏ប្រណិតរបស់វាជាមិនខាន។ ប៉ុន្តែ អ្វីដែលនឹង​ហាមឃាត់ចិត្តលោកអ្នកឱ្យងាករេពីទូរសព្ទដៃដ៏ពេញនិយមជំនាន់ថ្មីនេះ ប្រហែលជាស្លាកតម្លៃរបស់វាហើយ។

យោងតាមអ្នកទម្លាយព័ត៌មានលាក់ការរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏សកម្មម្នាក់ឈ្មោះ Benjamin Geskin បានឱ្យដឹងនៅលើទំព័រ Twitter របស់ខ្លួន ដោយសម្អាងលើប្រភពព័ត៌មានចេញពីមិត្តភក្តិដែលមានមិត្តធ្វើការនៅក្រុមហ៊ុន Apple ថា iPhone 8 នឹងមានតម្លៃលក់ ១១៩៩ ដុល្លារ សម្រាប់ជម្រើសទំហំមេម៉ូរីម៉ាស៊ីន ៥១២ ជីហ្គាបៃយ៍ ហើយសម្រាប់ជម្រើសទំហំ ៦៤ និង ២៥៦ ជីហ្គាបៃយ៍ នឹងមានតម្លៃ ៩៩៩ និង ១០៩៩ ដុល្លារ។

ស្របទៅនឹងការលើកឡើងនេះ គឺមានរបាយការណ៍ថ្មីមួយពី New York Times ដែលទទួលបានព័ត៌មានពីប្រភពអនាមិកបានឱ្យដឹងដែរថា iPhone 8 នឹងមានតម្លៃចាប់ពី ៩៩៩ ដុល្លារ។

គួរបញ្ជាក់ថា យោងតាមព័ត៌មានចចាមអារ៉ាមថ្មីបំផុតបានអះអាងថា iPhone 8 នឹងបំពាក់អេក្រង់ OLED លាតសន្ទឹងស្ទើរគ្មានស៊ុម គ្មានប៊ូតុង Home ហើយ​វានឹងមាន Smart Connector សម្រាប់ប្រើជាមួយវ៉ែនតាបច្ចេកវិទ្យា AR៕

ប្រភពព័ត៌មានៈ mashable

មតិយោបល់