កាលពីដើមខែសីហា របាយការណ៍មួយចេញផ្សាយដោយក្រុមហ៊ុនវិភាគទីផ្សារបច្ចេកវិទ្យា Canalys បានបង្ហាញថា ក្រុមហ៊ុន Huawei កំពុងឋិតនៅលើផ្លូវទៅកាន់ចំណុចមួយដែលអាចដណ្តើមយកតំណែងក្រុមហ៊ុនស្មាតហ្វូនធំបំផុតនៅលើពិភពលោកលំដាប់ថ្នាក់ទី ២ ពីក្រុមហ៊ុន Apple។ ដោយក្នុងត្រីមាសទី ២ ឆ្នាំនេះ Huawei បានលក់ស្មាតហ្វូនដាច់អស់ចំនួន ៣៨ លានគ្រឿង ខណៈ Apple លក់បាន ៤១ លានគ្រឿង ហើយមួយខែជាងបន្តិច ក្រុមហ៊ុនក៏អាចវ៉ាឈ្នះក្រុមហ៊ុនអាមេរិកតែម្តង។
យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint បានរកឃើញថា Huawei លក់ស្មាតហ្វូនដាច់បានច្រើនជាង Apple ក្នុងអំឡុងខែមិថុនា និងកក្កដា ឆ្នាំនេះ។ ដោយឡែក សម្រាប់ខែសីហា គេមិនទាន់ទទួលបានតួលេខជាក់លាក់ពីក្រុមហ៊ុននៅឡើយទេ ប៉ុន្តែ ការលក់ស្មាតហ្វូន Huawei ត្រូវគេមើលឃើញថា មានកំណើនខ្ពស់ល្អគួរជាទីគាប់ប្រសើរ។
ចំពោះមូលហេតុនៃកំណើននេះ គឺដោយសារតែក្រុមហ៊ុនដែលមានមូលដ្ឋាននាទីក្រុង Shenzhen ប្រទេសចិន បានបញ្ចេញស្មាតហ្វូនខ្លួនជាច្រើនម៉ូឌែល ដើម្បីវាយលុកទីផ្សារសហរដ្ឋអាមេរិក អឺរ៉ុប និងទីផ្សារដទៃផ្សេងទៀត ហើយក្នុងនោះ ម៉ូឌែល Mate 8, Mate 9 និង Honor 5X, 6X និង 8 ដែលជាឧបម៉ាកសញ្ញាផលិតផលស្មាតហ្វូន Huawei ទទួលបានប្រជាប្រិយភាពកាន់តែល្អប្រសើរ។
ដោយឡែក មូលហេតុនៃធ្លាក់តំណែងលេខពីរនៅគ្រានេះរបស់ក្រុមហ៊ុន Apple ក៏អាចដោយសារមហាជនភាគច្រើននៅរងចាំវត្តមាន iPhone ស៊េរីថ្មីរបស់ក្រុមហ៊ុន ដែលនឹងប្រកាសចេញផ្លូវការសប្តាហ៍ក្រោយ។ ដូច្នេះ កក្តានេះអាចធ្វើឱ្យការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុនអាមេរិកក្នុងមួយរយៈនេះ មានភាពមិនល្អប្រសើរ។
ទោះយ៉ាងណា ប្រឈមមុខនឹង iPhone 8 ដែលពិភពលោកកំពុងទន្ទឹងរងចាំ ក្រុមហ៊ុន Huawei ក៏ត្រូវជាជឿថា បាននិងកំពុងត្រៀមចេញកំពូលស្មាតហ្វូនត្រកូលអេក្រង់ធំ Mate 10 ដែលនឹងពាំនាំមកជាមួយលក្ខណៈសម្បត្តិដ៏កំពូល ជាពិសេសបន្ទះឈីពជំនាន់ថ្មី Kirin 970 ដ៏មានអានុភាព ដើម្បីទប់ទល់ផងដែរ៕
ប្រភពព័ត៌មានៈ 9to5google
មតិយោបល់