ព័ត៌មានបច្ចេកវិទ្យា

Samsung កំពុងធ្វើការលើឈីប AI ក្រោយ Huawei បញ្ចេញ Kirin 970

ក្រុមហ៊ុន Samsung ត្រូវគេរាយការណ៍ថា កំពុងធ្វើការលើបន្ទះឈីបប្រភេទថ្មីមួយចំនួន សម្រាប់ដំណើរការប្រព័ន្ធ​កម្មវិធីបញ្ញាសិប្បនិម្មិត AI (Artificial Intelligence) ដើម្បីផ្តល់ថាមពលទៅឱ្យជំនួយការសំឡេង​ឌី​ជី​ថល Bixby ដែល​ខ្លួនទើបបំពាក់លើស្មាតហ្វូនស៊េរី Galaxy S8 និង​ Note 8។ នេះបើយោងតាមសេចក្តីរាយការណ៍ពីបណ្តាញ​ផ្សព្វផ្សាយកូរ៉េ The Korea Herald ដែលបានស្រង់ប្រភពព័ត៌មានចេញពីក្រុមហ៊ុន។

ប្រភពព័ត៌មានដដែលបានឱ្យដឹងបន្ថែមថា បន្ទះឈីបនោះ នឹងអាចជួយឱ្យទិន្នន័យអាចដំណើរការបានដោយ​មិនចាំបាច់ត្រូវការតភ្ជាប់ទៅកាន់បណ្តាញអិុនធើណែតអ្វីឡើយ ពោលគឺ វាផ្តល់ថាមពលដល់ទូរសព្ទដៃឱ្យអាច​ដំ​ណើរការការគណនា ឬប្រតិបត្តិទិន្នន័យចាំបាច់នានាដែលបញ្ចូលដោយអ្នកប្រើប្រាស់បានដោយខ្លួនវា ជាជាងបញ្ចូនទៅកាន់ម៉ាស៊ីនមេរបស់ Samsung។

​​គួរបញ្ជាក់ថា​ របាយការណ៍ថ្មីនេះ គឺលេចឡើងក្រោយពីក្រុមហ៊ុន Huawei ទើបបានបើកបង្ហាញបន្ទះឈីបស្រ​ដៀងគ្នា មានឈ្មោះថា Kirin 970 សម្រាប់យកទៅបំពាក់ឱ្យស្មាតហ្វូនលំដាប់កំពូលជំនាន់បន្ទាប់របស់ខ្លួន។ សកម្មភាពនេះ បានបង្ហាញយ៉ាងច្បាស់ថា Samsung និង Huawei មិនត្រឹមតែប្រកួតប្រជែងគ្នាលើផលិត​ផលស្មាតហ្វូនប៉ុណ្ណោះទេ ប៉ុន្តែ ក៏លើផ្នែក Hardware សម្រាប់បំពាក់ឱ្យស្មាតហ្វូនផងដែរ។

ក្នុងមួយរយៈចុងក្រោយនេះ ចំណាប់អារម្មណ៍ទៅលើបច្ចេកវិទ្យា AI ហាក់មានភាពផុសផុលឡើងជាបន្តបន្ទាប់ ដែលនាំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សប្រទេសកូរ៉េ និងចិន សំឡឹងឃើញពីសក្តានុពលទីផ្សារបន្ទះឈីបថ្មីរបស់ខ្លួននៅក្នុងពិភពឧបករណ៍បច្ចេកវិទ្យាចល័តកាន់តែធំ។

គួររំឭកថា កាលពីខែមិនា ក្រុមហ៊ុន Samsung បានចំណាយទុន ២១៥ លានដុល្លារ ទិញយកបច្ចេកវិទ្យា AI ពីក្រុមហ៊ុនអ្នកបង្កើតកម្មវិធីជំនួយការសំឡេង Siri របស់ Apple

ប្រភពព័ត៌មានៈ phonearena

មតិយោបល់