តៃវ៉ាន់ៈ ម្ចាស់ទូរសព្ទដៃ iPhone 8 Plus នៅតៃវ៉ាន់ម្នាក់អះអាងថា ស្មាតហ្វូនអេក្រង់ធំរបស់នាងទិញពីក្រុមហ៊ុន Apple ស្រាប់តែហើបសម្បកក្រោយចេញពីអេក្រង់ខណៈកំពុងដាក់សាកថ្មចោល។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ iPhone 8 Plus ជួបបញ្ហានោះ គឺមានពណ៌មាសលាយឈូក ទំហំ ៦៤ GB ដែលកញ្ញា Wu បានទិញកាលពី ៥ ថ្ងៃមុន។
យោងតាមនាង Wu ក្រោយពេលនាងដាក់សាកថ្មចោលប្រហែល ៣ នាទី សម្បកផ្នែកខាងមុខ iPhone 8 Plus របស់នាង ស្រាប់តែរបើក និងហើបឡើងចេញពីសម្បកខាងក្រោយទាំងស្រុងតែម្តង។
នាងបានឱ្យដឹងបន្ថែមថា ឥឡូវនេះ ទូរសព្ទនោះកំពុងផ្ញើទៅឱ្យក្រុមហ៊ុន Apple ឆែកមើលហើយ ដើម្បីរកមូលហេតុដែលនាំឱ្យវាក្លាយទៅជាដូច្នោះ។
គួរបញ្ជាក់ថា នេះមិនមែនជាករណីដំបូងនោះទេ។ នៅពេលជាមួយគ្នានោះដែរ គឺមានរបាយការណ៍មួយផ្សេងទៀតពីប្រទេសជប៉ុន ដែលថា iPhone 8 Plus មួយគ្រឿង បានហើបអេក្រង់ចេញពីសម្បកខាងក្រោយដូចគ្នាដោយគ្មានមូលហេតុ នៅពេលដែលគេយកទៅដល់ផ្ទះម្ចាស់របស់វា។
ខណៈមូលហេតុនៅមិនទាល់ដឹងច្បាស់ មានព័ត៌មានចចាមអារ៉ាមមួយថា ថ្មទូរសព្ទ iPhone 8 Plus ត្រូវបានផលិតដោយរោងចក្រដែលបានផលិតថ្មឱ្យទូរសព្ទ Galaxy Note 7 ដែលមានបញ្ហាផ្ទុះឆេះជាច្រើនករណី រហូតដល់ក្រុមហ៊ុន Samsung បង្ខំចិត្តប្រមូលចូលមកវិញទូទាំងពិភពលោក កាលពីឆ្នាំ ២០១៦។
ទាក់ទងទៅនឹងបញ្ហានេះ គេពុំទាន់ទទួលបានការឆ្លើយតប ឬប្រតិកម្មពីក្រុមហ៊ុន Apple នៅឡើយ។ តាមធម្មតាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក តែងទទួលយករាល់ការទិះទៀន និងដោះស្រាយរាល់កង្វល់អតិថិជន។
នៅដើមសប្តាហ៍នេះ Apple បានលើកឡើងពីបញ្ហាមួយកើតមានលើ iPhone 8 និង 8 Plus មួយចំនួន ដែលធ្វើឱ្យកើតមានសំឡេងរំខាន ឬការបែកសំឡេងពេលកំពុងសន្ទនាទូរសព្ទ ហើយក្រុមហ៊ុនថា បញ្ហានេះនឹងត្រូវបានដោះស្រាយតាមកំណែកម្មវិធីលើកក្រោយ៕
ប្រភពព័ត៌មានៈ cultomac
មតិយោបល់