ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Huawei: Mate 10 គឺមិនមែនជាស្មាតហ្វូន

ក្រុមហ៊ុន Huawei ថ្ងៃនេះបានបង្ហាញវីដេអូញញ្ញាក់អារម្មណ៍ថ្មីមួយក្នុងគោល​បំណង​ធ្វើឱ្យអ្នកគាំទ្ររំភើបអំពីស្មាតហ្វូនស៊េរី Mate 10 ដែលនឹងប្រកាសចេញនាពេលឆាប់ៗខាងមុខ។ នៅក្នុងវីដេអូខាងក្រោមនេះ ក្រុមហ៊ុន Huawei អះ​អាង​ថា Mate 10 មិនមែនជាស្មាតហ្វូននោះទេ ប៉ុន្តែ គឺជាម៉ាស៊ីនមានប្រាជ្ញាមួយ  ដែល​វាចេះមើល គិត និងរៀនដើម្បីយើងដូចជាយើងអីចឹង។

វីដេអូនេះ ក៏បង្ហាញពីកាមេរ៉ាខាងក្រោយពីរ និងស៊ុមលោហ:ម្យ៉ាង ហើយបើយោងទៅតាមពាក្យ​ចចាមអារ៉ាមស្មាតហ្វូន Huawei ស៊េរី Mate 10 នឹងមាន 3 ម៉ូឌែលគឺ Mate 10, Mate 10 Lite និង Mate 10 Pro។
Mate 10 ទាំងបី នឹងបំពាក់មកជាមួយបច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត) ដែលគាំទ្រដោយបន្ទះឈីប Kirin 970 ច្របាច់ជាមួយ CPU ជំនាន់ Octa-core ថ្មីផលិតឡើងដោយក្រុមហ៊ុន​ផ្ទាល់។ បន្ទះឈីប Kirin នេះ ត្រូវបានក្រុមហ៊ុនលើកឡើងថា នឹងក្លាយជា “បន្ទះឈីប AI បំពាក់លើចល័តដំបូងគេបង្អស់នៅលើពិភពលោក។

គួររំឭកថា ក្រុមហ៊ុន Huawei នឹងដាក់បង្ហាញជាផ្លូវការនូវគ្រួសារ Mate 10 ដែលខ្លួនបានសន្យាថានឹងល្អជាង iPhone 8 នៅថ្ងៃទី 16 ខែតុលា នៅទីក្រុង Munich។ ដូច្នេះ សូមប្រិយមិត្តរងចាំតាមដានជាមួយ Post Tech ទាំងអស់គ្នា!

ប្រភពព័ត៌មាន: phonearena

មតិយោបល់