ព័ត៌មានបច្ចេកវិទ្យា

ក្មេងស្រីវ័យ ១៤ ឆ្នាំម្នាក់សម្លាប់ខ្លួនថតផ្សាយផ្ទាល់លើ Facebook ក្រោមក្រសែភ្នែក Friend ជាច្រើននាក់

ក្មេងស្រីវ័យ ១៤ ឆ្នាំម្នាក់ឈ្មោះ Naika Venant បានធ្វើអត្ថឃាតបន្ទាប់ពីនាងថតវីដេអូបង្ហោះផ្សាយផ្ទាល់បង្ហាញពីគោលបំណងរបស់ខ្លួនតាម Facebook អស់រយៈពេលជាងពីរម៉ោង ក្រោមក្រសែភ្នែកមិត្ត ឬ Friend ក្នុងបណ្តាញសង្គមរបស់នាងជាច្រើននាក់ ដោយក្នុងនោះ Friend មួយចំនួន បានសរសេរពាក្យអង្វរកកុំឱ្យនាងធ្វើដូច្នេះ តែមួយចំនួនផ្សេងទៀត មិនបានធ្វើដូច្នោះទេ។

ពួកគេបានអធិប្បាយលើទង្វើរបស់នាងថា គ្រាន់តែជាសម្តែងដើម្បីទាញចំណាប់អារម្មណ៍គេឯង ហើយថែមទាំងជំរុញឱ្យនាងធ្វើបែបនោះថែមទៀត ហើយទីបំផុត​ នាងក៏សម្រេចចិត្តចងកនៅក្នុងបន្ទប់ទឹកនៃមណ្ឌលក្មេងកំព្រាក្នុងរដ្ឋ Florida ភាគខាងត្បូង ជាទីស្នាក់អាស្រ័យរបស់ខ្លួន ដើម្បីឱ្យគ្រប់គ្នាបានឃើញតែម្តងទៅ។

មុនពេលបញ្ចប់ជីវិតរបស់ខ្លួនក្នុងខែមករា Naika បានឆ្លងកាត់ជីវិតជូរចត់ គ្មានការថ្នាក់ថ្នមពីឳពុកម្តាយ និងការរំលោភបំពានតាំងពីខ្លួននៅតូចមកម្លេះ។ យោងតាមរបាយការណ៍ពីនាយកដ្ឋានគ្រួសារ និងកុមារនៃរដ្ឋ Florida ភាគខាងត្បូង ចេញផ្សាយនៅសប្តាហ៍នេះ Naika ត្រូវបានផ្ទេរចុះឡើងពីមណ្ឌលក្មេងកំព្រាមួយទៅមួយកន្លែង ជាច្រើនលើកច្រើនសារ ចាប់តាំងពីមានអាយុបាន ៦ ឆ្នាំមកម្លេះ។

កាលពីអាយុ ៤ ឆ្នាំ នាងត្រូវបានម្តាយទុកឱ្យនៅផ្ទះម្នាក់ឯងជាងមួយម៉ោងដោយគ្មានអាហារ និងទឹក។ នៅអាយុ ៥ ឆ្នាំ នាងត្រូវបានម្តាយដាក់ឱ្យគេងនៅលើគ្រែតែមួយ ខណៈគាត់កំពុងរួមភេទជាមួយមិត្តប្រុស ហើយត្រូវបានម្តាយហៅថាជាក្មេងចង្រៃ នៅពេលដែលនាងត្រូវបានដឹកទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ក្រោយជួបបញ្ហាសុខភាពធ្ងន់ធ្ងរ។ ក្រោយមកទៀត នៅអាយុ ៦ ឆ្នាំ​ Naika ត្រូវបានគេរកឃើញមានស្នាមវាត់ខ្សែក្រវ៉ាត់ពេញរាងកាយចំនួន ៣០ កន្លែង ក្រោយពីម្តាយរបស់នាង ត្រូវគេរាយការណ៍ថា បានឃើញនាងកំពុងឋិតក្នុងសកម្មភាពផ្លូវភេទជាមួយបុរសថែក្មេងម្នាក់។

នៅក្នុងរបាយការណ៍កម្រាស់ ២០ ទំព័រ របស់នាយកដ្ឋានគ្រួសារ និងកុមារ ប្រចាំរដ្ឋ Florida គេបានស្តីបន្ទោសពីភាពកម្សោយនៃប្រព័ន្ធសុកមាលភាពរបស់មណ្ឌលកុមារកំព្រាក្នុងតំបន់ និងអសមត្ថភាពរបស់ភ្នាក់ងាររបស់រដ្ឋ ដែលមិនអាចបំពេញតម្រូវការក្មេងស្រីដែលមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរម្នាក់បាន ហើយថា នាងគួរតែត្រូវបានមើលថែឱ្យបានល្អប្រសើរជាងនេះ មុនពេលនាងលាចាក់លោក៕

អត្ថបទពាក់ព័ន្ធៈហេតុតែមានអ្នកសម្លាប់ខ្លួនតាម Facebook កាន់តែច្រើនឡើង ទើបក្រុមហ៊ុនដាក់ចេញវិធានការថ្មីនេះឡើង

 

ប្រភពព័ត៌មានៈ washingtonpost

មតិយោបល់