សហរដ្ឋអាមេរិកៈ ក្រោយពីមានរបាយការណ៍ចេញពីអ្នកប្រើប្រាស់ iPhone 8 Plus ជាច្រើន ដាក់បង្ហោះរូប iPhone 8 Plus ពួកគេជួបបញ្ហាថ្មប៉ោង រហូតដល់របើកសម្បកខាងក្រោយចេញពីអេក្រង់ និងត្រូវបានគេចែកបន្តពេញបណ្តាញសង្គមរួចមក កាលពីថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន Apple បានបើកការស៊ើបអង្កេតទៅលើករណីទាំងនេះហើយ។
យោងតាមគេហទំព័រ The Independent បានឱ្យដឹងថា ក្រុមហ៊ុន Apple កំពុងបើកពិនិត្យទៅលើរបាយការណ៍ថ្មទូរសព្ទស៊េរីថ្មីរបស់ខ្លួនដែលត្រូវគេរាយការណ៍មកថា មានបញ្ហាបោងថ្មរហូតដល់របើកសម្បកឡើង។
អ្នកប្រើប្រាស់ទាំងនោះ បានបង្ហោះរូបថតទូរសព្ទដែលជួបបញ្ហាខាងលើនៅលើទំព័រ Twitter របស់ខ្លួន និងអះអាងថា ទូរសព្ទនោះស្រាប់តែហើបសម្បកខាងក្រោយឡើងចេញពីអេក្រង់ ក្រោយពីពួកគេដាក់សាកថ្ម។ អ្នកខ្លះថា iPhone 8 Plus របស់ខ្លួនពេលបើកចេញពីប្រអប់មក ក៏ឃើញសភាពបែបនេះតែម្តង។
ក្រុមហ៊ុន Apple បានប្រាប់ទៅ The Independent ថា ក្រុមហ៊ុនកំពុងស៊ើបអង្កេតទៅលើការអះអាងទាំងនោះ ប៉ុន្តែ មិនបានបញ្ជាក់ឱ្យបានច្បាស់ថា ខ្លួននឹងប្រើវិធានការសកម្មភាពបែបណានោះទេ។ បញ្ហានេះ ត្រូវគេជឿថា បណ្តាលមកពីការហើបបោងនៃថ្មរបស់ទូរសព្ទ រុញច្រានឱ្យសម្បកខាងក្រោយរបើកចេញពីសម្បកខាងមុខ។
ទោះយ៉ាងណា ដរាបណាលទ្ធផលស៊ើបអង្កេតមិនទាន់ត្រូវបានប្រកាសឡើង គេមិនអាចសន្និដ្ឋានថា iPhone តម្លៃជិត១ ពាន់ដុល្លារនោះ គ្មានសុវត្ថិភាពនោះទេ។ តាមធម្មតា ផលិតផលបច្ចេកវិទ្យាដែលផលិតចេញរាប់លានគ្រឿង វាគឺជារឿងធម្មតានោះទេ ដែលបួនដប់គ្រឿងជួបបញ្ហាខុសប្រក្រតីនោះ៕

ប្រភពព័ត៌មានៈ trustedreviews
មតិយោបល់