ព័ត៌មានបច្ចេកវិទ្យា

ជាមួយ iOS បច្ចុប្បន្ន ថ្ម iPhone គួរប្តូរចេញឬនៅ អាចដឹងបានយ៉ាងងាយ!

បញ្ហាថ្មទូរសព្ទ iPhone ចាស់ ឬថ្មី នៅកាន់ភ្លើង ឬអត់ គឺជាកង្វល់របស់អ្នកប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Apple ទូទៅ ជាពិសេស លោកអ្នកដែលទិញទូរសព្ទស៊េរីនេះមួយទឹក។

កង្វល់នេះ កើនឡើងកាន់តែខ្លាំង បន្ទាប់ពីមានករណី iPhone 6s និង 6s Plus ដែលដើរលើប្រព័ន្ធ iOS 10 មួយចំនួន ជួបបញ្ហាស្រកថ្មយ៉ាងគំហុកដោយគ្មានមូលហេតុកាលពីឆ្នាំមុន។

ទាក់ទងទៅនឹងបញ្ហានេះ ក្រុមហ៊ុន Apple ក៏បានប្រកាសចេញនូវកម្មវិធីប្តូរថ្មថ្មីទៅឱ្យអតិថិជនដែលថ្មទូរសព្ទ iPhone 6s/ 6s Plus របស់ពួកគេជួបបញ្ហាដោយឥតគិតថ្លៃ។

ទោះយ៉ាងនេះក្តី សំណួរអំពីសុខភាពថ្មរបស់ទូរសព្ទដៃ iPhone នៅតែបន្តចោទឡើង ហើយដើម្បីឆ្លើយតបនឹងបញ្ហានេះ តាមរយ:ប្រព័ន្ធប្រតិបត្តិការកំណែថ្មីរបស់ខ្លួន ចាប់ពី iOS 10.2.1 ក្រុមហ៊ុនបានដាក់បន្ថែមនូវមុខងារថ្មីមួយ អាចវាស់ស្ទង់ដឹងពីសុខភាពថ្ម និងប្រាប់ដល់អ្នកប្រើប្រាស់ឱ្យបានដឹងថា ថ្ម iPhone របស់ពួកគេ គួរតែដល់ពេលប្តូរចេញហើយឬនៅ។

មែនទែនទៅ ដំណោះស្រាយនេះ ត្រូវបាន Apple ប្រកាសប្រាប់តាមគេហទំព័ររបស់​ខ្លួន តាំងពីថ្ងៃទី ២១​ មេសា មកម្លេះ។ ប៉ុន្តែ​ អ្នកប្រើប្រាស់ភាគច្រើនមិនបានចាប់អារម្មណ៍។

ពោលគឺ សម្រាប់ទូរសព្ទ iPhone ឬ iPad ដែលដើរលើប្រព័ន្ធ iOS ចាប់ពីជំនាន់ 10.2.1 ឡើង អាចឆែកដឹងពីសុខភាពថ្មទូរសព្ទរបស់ខ្លួន ដោយគ្រាន់តែចូលទៅកាន់កម្មវិធី Settings -> Battery ប៉ុណ្ណោះ។

នៅក្នុងនោះ ប្រសិនបើពួកគេឃើញសារមួយដាក់ថា “Your iPhone Battery may need to be serviced” នៅខាងលើផ្ទាំងកម្មវិធី នោះបានសេចក្តីថា សុខភាពវាមិនល្អទេ និងល្មមដល់ពេលប្តូរថ្មីហើយ។

ប្រភពព័ត៌មាន: Apple

មតិយោបល់