ប្រទេសចិនៈ ស្រី្តវ័យ ២១ ឆ្នាំម្នាក់ បានធ្លាក់ខ្លួនពិការខ្សែចក្ខុត្រង់ផ្នែកខ្លះ ក្រោយពីនាងបានចំណាយពេលពេញមួយថ្ងៃលេងហ្គេមលើទូរសព្ទស្មាតហ្វូនរបស់ខ្លួន។ នេះបើយោងតាមសេចក្តីរាយការណ៍នៅលើគេហទំព័រព័ត៌មាន Mashable នៅថ្ងៃចន្ទម្សិលមិញ។
យោងតាមសេចក្តីរាយការណ៍ដដែល ស្រ្តីដែលមានឈ្មោះហៅក្រៅថា Wu Xiaoing រូបនោះ គឺជាប្រិយមិត្តដែលគាំទ្រហ្គេមអនឡាញលេងច្រើនគ្នាបាន ដ៏ពេញនិយមនៅលើស្មាតហ្វូនមួយឈ្មោះ Honour of Kings។ មុនពេលនាងមានភ្នែកខាងស្តាំស្រាប់តែមើលលែងឃើញ នាងត្រូវគេអះអាងថា បានលេងហ្គេមលើស្មាតហ្វូនរបស់ខ្លួនអស់រយៈពេលជាច្រើនម៉ោង។
ទាក់ទងនឹងស្ថានភាពនាង Wu បែបនេះ អ្នកលេងបណ្តាញសង្គម Weibo ភាគច្រើន មិនបានសម្តែងក្តីអាណិតអាសូរទៅលើរូបនាងនោះទេ។ អ្នកលេងម្នាក់និយាយថា នាងនៅតែកាន់ទូរសព្ទក្នុងដៃដដែល បើទោះបីជាឋិតនៅលើគ្រែពេទ្យទៅហើយក្តី។ ឯម្នាក់ផ្សេងទៀតថា វាគឺជាករណីដ៏អាក្រក់មួយ ប៉ុន្តែ ខ្ញុំនៅតែមិនលុបហ្គេមនោះចេញនៅឡើយទេ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន The Global Times នាង Wu ច្រើនចំណាយពេលលេងហ្គេម Honour of Kings ៨ ម៉ោង ដោយមិនញ៉ាំ មិនផឹក ឬទៅបន្ទប់ទឹក រាល់ពេលឈប់សម្រាកពីការងារម្តងៗ។ នាងបានសារភាពថា បើខ្ញុំមិនធ្វើការ ខ្ញុំក្រោកពីដំណេកនៅម៉ោង ៦ ព្រឹក ញ៉ាំអាហារ ហើយបន្ទាប់មក ខ្ញុំក៏លេងហ្គេមរហូតដល់ម៉ោង ៤ ល្ងាច។
នាង Wu បានបន្ថែមថា «ខ្ញុំញ៉ាំអីតិចតួច រួចសម្រាកមួយស្របក ហើយក្រោកឡើងបន្តលេងហ្គេមរហូតដល់ម៉ោង ១ ឬ ២ រំលងអាធាត្រ។ ម្តាយខ្ញុំក៏បានព្រមានខ្ញុំដែរថា ប្រយ័ត្នខ្វាក់ភ្នែក»។
តាមរយៈលទ្ធផលនៃការធ្វើរោគវិនិច្ឆ័យពីមន្ទីពេទ្យ ភ្នែកខាងស្តាំរបស់នាងមានបញ្ហាជាមួយ Retinal Artery Occlusion ដែលច្រើនកើតមានលើមនុស្សចាស់ ហើយវាធ្វើឱ្យភ្នែកមិនអាចមើលឃើញមួយជីវិតតែម្តង៕
មតិយោបល់