នេះគឺជាដំណឹងដ៏គួរឱ្យរីករាយមួយសម្រាប់លោកអ្នកដែលថវិការបស់ខ្លួននៅមានកម្រិត មិនអាចជាវស្មាតហ្វូនស៊េរីខ្ពស់ៗដូចជា iPhone 8 Plus ឬ Galaxy Note 8 ដែលបំពាក់កាមេរ៉ាភ្លោះ អាចថតរូបច្បាស់មុខ ព្រាលក្រោយបានយ៉ាងល្អប្រសើរ។
រីករាយក៏ដោយសារតែនៅថ្ងៃពុធកន្លងទៅនេះ ក្រុមហ៊ុន Samsung បានប្រកាសចេញ Sensor កាមេរ៉ាទំហំ ១២ មេហ្គាភិចសែល ទំហំ 1.28μm ឈ្មោះ Fast 2L9 ដែលត្រូវបានរចនាឡើងតាមបច្ចេកវិទ្យា Dual Pixel ថ្មី សម្រាប់ស្មាតហ្វូនតម្លៃទាបរបស់ខ្លួន នាពេលអនាគតដ៏ខ្លីខាងមុខ។
បើតាមការអះអាងពីក្រុមហ៊ុន Sensor ថ្មីនោះ គឺមានសមត្ថភាពអាចវាស់ក្រិតទីជម្រៅនៃរូបភាពដោយប្រើភ្នែកកាមេរ៉ាតែមួយ ដូចជាភ្នែកកាមេរ៉ាពីររបស់ iPhone 8 Plus និង Note 8 អីចឹងដែរ។ ដោយភិចសែលភ្លោះខាងក្នុង Sensor របស់វា គឺអាចផ្តិតយករូបភាពពីរជាន់ក្នុងកម្រិតលម្អៀងនៃវិនាទីដ៏តិចតួចបំផុត នៅពេលចុចថតម្តង ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចជ្រើសរើសនូវអ្វីដែលគួររក្សានៅឱ្យច្បាស់ដដែល និងអ្វីដែលគួរដាក់ឱ្យវាព្រាលនៅខាងក្រោយ។
ក្រុមហ៊ុន Samsung បានឱ្យដឹងបន្ថែមថា បន្ទះ Sensor កាមេរ៉ាជំនាន់ចុងក្រោយនេះ គឺរចនាឡើងដើម្បីឆ្លើយតបតាមតម្រូវទីផ្សារ ដែលអ្នកប្រើប្រាស់ភាគច្រើនប្រាថ្នាស្មាតហ្វូនតម្លៃទាប តែមានសមត្ថភាពថតរូបខ្ពស់ ជាពិសេស ពួកគេចង់បានមុខងារ Portrait Mode សម្រាប់ថតរូបព្រាលក្រោយច្បាស់មុខតែម្តង៕
ប្រភពព័ត៌មានៈ mashable
មតិយោបល់