ព័ត៌មានបច្ចេកវិទ្យា

ទាំងនេះ គឺជាអ្វីគ្រប់យ៉ាងដែល Apple នឹងប្រកាសចេញនៅព្រឹត្តិការណ៍ iPhone 8

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ដ៏សំខាន់របស់ក្រុមហ៊ុន Apple នឹងមកដល់ហើយ។ ពោលគឺ នៅថ្ងៃទី ១២ កញ្ញា ខាងមុខនេះ ក្រុមហ៊ុននឹងកាត់សេចក្តីចំពោះព័ត៌មានចចាមអារ៉ាមលើកឡើងកន្លងមក ទាក់ទងទៅនឹងទូរសព្ទ iPhone ស៊េរីឆ្នាំ ២០១៧ របស់ខ្លួន។

ប៉ុន្តែ ទន្ទឹមនឹងការរង់ចាំថ្ងៃនោះមកដល់ មានការរំពឹងទុកជាច្រើនទៅលើអ្វីដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកនឹងប្រកាសចេញ ហើយក្នុងនោះមានដូចជា៖

១- HomePod ប្រកាសចេញមុនគម្រោង

កូនធុងបាស់បំពាក់បច្ចេកវិទ្យាទំនើប HomePod ត្រូវបានបើកបង្ហាញដំបូងនៅព្រឹត្តិការណ៍ WWDC 2017 និងបានគ្រោងនឹងប្រកាសចេញនៅខែធ្នូ ជាមួយតម្លៃខ្ទង់ ៣៥០ ដុល្លារ។ ប៉ុន្តែ ក្រុមហ៊ុន Apple ទំនងជានឹងបញ្ចេញវាសម្រាប់ទីផ្សារក្រៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្តាលី ជាមុន បើទោះបរិមាណផ្គត់ផ្គង់មានតិចតួចស្តួចស្តើងក៏ដោយ។

២- Apple TV ថ្មី 

យោងតាមព័ត៌មានចចាមអារ៉ាមកន្លងមកបានឱ្យដឹងថា Apple នឹងបញ្ចេញផលិតផល Apple TV ដែលអាចបញ្ចាំងវីដេអូកម្រិត 4K និង HDR ហើយវានឹងចេញលក់ក្នុងតម្លៃប្រហាក់ប្រហែលនឹងតម្លៃស្តង់ដា និងអាចប្រើភ្ជាប់ជាមួយ HomeKit បាន។ ក៏មានលេចឮផងដែរថា Apple កំពុងធ្វើការជាមួយស្ទីឌីយោភាពយន្តដើម្បីនាំយកកុនគុណភាពកម្រិត 4K និង HDR ដាក់បញ្ចូលក្នុងកម្មវិធី iTunes របស់ខ្លួន។

៣- ប្រព័ន្ធប្រតិបត្តិការ MacOS High Sierra

ក្រុមហ៊ុន Apple នឹងបង្ហាញពីលក្ខណ:សម្បតិ្តពិសេសថ្មីៗដោយសង្ខេប និងព័ត៌មានបន្ថែមអំពីប្រព័ន្ធ MacOS High Sierra។ ប្រហែលជាដូចសព្វដងដែរ សម្រាប់ប្រិយមិត្តប្រើប្រាស់កុំព្យូទ័រ Mac នឹងទទួលបានកំណែឡើងដល់ជំនាន់ថ្មីបំផុតនេះ ក្រោយការប្រកាសចេញរបស់ទូរសព្ទដៃ iPhone ជំនាន់ថ្មី មួយរយ:ពេលខ្លី។


៤- នាឡិកាដៃ AppleWatch ស៊េរីថ្មី និងប្រព័ន្ធ WatchOS 4

ប្រព័ន្ធប្រតិបត្តិការបំពាក់លើនាឡិកាដៃរបស់ក្រុមហ៊ុន Apple ជំនាន់ទី ៤ គឺ WatchOS 4 មានការដាក់បញ្ចូលនូវលក្ខណ:ពិសេសថ្មីៗជាច្រើន ហើយពួកវានឹងលើកយកមកបង្ហាញនៅលើ AppleWatch ស៊េរីថ្មី នៅសប្តាហ៍ក្រោយនេះ ព្រមជាមួយការប្រកាសកាលបរិច្ឆេទចេញលក់លើទីផ្សារ។ យោងតាមព័ត៌មានក្រៅផ្លូវការ ​នាឡិកាដៃបច្ចេកវិទ្យាទំនើបថ្មីនោះ នឹងភ្ជាប់មកជាមួយប្រព័ន្ធ 4G LTE ទៀតផង។
៥- ប្រព័ន្ធ iOS 11 ជំនាន់សម្រេច និងថ្ងៃបើកឱ្យធ្វើការ Update

រហូតមកទល់ពេលនេះ iOS 11 ចេញដល់ជំនាន់សាកល្បងទី ១០ ហើយ ដែលនេះគឺសរបញ្ជាក់ថា វានឹងត្រូវធ្វើបច្ចុប្បន្នភាពឱ្យឡើងដល់ជំនាន់សម្រេចហើយ បើទោះបីជានៅសេសសល់កំហុសឆ្គងផ្សេងទៀតក៏ដោយ។

៦- iPhone 7s និង 7s Plus

iPhone ស៊េរី 7s នឹងបង្ហាញវត្តមានជាមួយលក្ខណ:សម្បត្តិកាន់តែទាក់ទាញ និងសម្បូរបែប ធៀបនឹងស៊េរី 7 ធម្មតា។ តួយ៉ាងដូចជា ប្រើបន្ទះឈីបជំនាន់ថ្មី ឧបករណ៍បំពងសំឡេងកាន់តែល្អប្រសើរ និងអាចសាកថ្មតាមបច្ចេកវិទ្យាឥតខ្សែ ជាដើម។ មិនតែប៉ុណ្ណោះ បើតាមរបាយការណ៍មួយចំនួនថា iPhone 7s និង 7s Plus នឹងមានបំពាក់បន្ថែមបន្ទះឈីប ARKit ដ៏តូចមួយ សម្រាប់ដំណើរការបច្ចេកវិទ្យារូបភាពនិម្មិតប្រចក្ស AR (Augmented Reality) ផងដែរ។

៧- iPhone Edition

ដើម្បីអបអរសាទរខួបគម្រប ១០ ឆ្នាំនៃការបង្កើតទូរសព្ទដៃ iPhone ក្រុមហ៊ុន Apple នឹងបញ្ចេញម៉ូឌែលពិសេស ហើយថ្មីបំផុតមិនធ្លាប់មានមួយ ដែលគេជឿថា ជា iPhone 8។ តែបើតាមព័ត៌មានលេចឮចុងក្រោយ ក្រុមហ៊ុននឹងឱ្យឈ្មោះវាថា iPhone Edition។ iPhone ដែលពិភពលោកកំពុងទន្ទឹងរង់ចាំនេះ នឹងចាប់អង្រួនឧស្សាហកម្មស្មាតហ្វូនរបស់ពិភពលោក ឱ្យផ្លាស់ប្តូរទៅកាន់បរិបទថ្មីមួយទៀត។ បើតាមព័ត៌មានក្រៅផ្លូវការចុងក្រោយ វានឹងប្រើប្រាស់កញ្ចក់អេក្រង់ OLED ផលិតដោយក្រុមហ៊ុន Samsung បច្ចេកវិទ្យាថតសម្គាល់ផ្ទៃមុខ ប្រព័ន្ធកាមេរ៉ាក្រោយថ្មី គ្មានប៊ូតុង Home និងបច្ចេកវិទ្យា​ AR៕

ប្រភពព័ត៌មាន: slashgear

មតិយោបល់