យោងតាមអ្នកវិភាគផ្នែកប្រព័ន្ធសន្តិសុខឧបករណ៍បច្ចេកវិទ្យាដ៏មានឈ្មោះបោះសំឡេងម្នាក់មកពីក្រុមហ៊ុន KGI Securities គឺលោក Ming-Chi Kuo បានប្រមើមើលថា iPad Pro ស៊េរីឆ្នាំ ២០១៨ របស់ក្រុមហ៊ុន Apple អាចនឹងពាំនាំមកជាមួយមុខងារ Face ID ដ៏ឡូយ និងទាក់ទាញបំផុតមួយរបស់ iPhone X។
លោក Kuo បន្ថែមថា iPad Pro ស៊េរីបន្ទាប់នោះ នឹងប្រើបច្ចេកវិទ្យាតាមពីក្រោយ iPhone X ដែលត្រូវបានដកចោលបន្ទះស្គេនក្រយៅដៃ Touch ID ហើយជំនួសមកវិញនូវប្រព័ន្ធបច្ចេកវិទ្យា Face ID ដែលប្រើផ្ទៃមុខធ្វើជាកូនសោសុវត្ថិភាពចាក់ចូលទៅកាន់កម្មវិធីខាងក្នុងម៉ាស៊ីនឧបករណ៍។

គួររំឭកថា iPad Pro ស៊េរីចុងក្រោយ ដែលបានប្រកាសចេញកាលពីដើមឆ្នាំ មានការផ្លាស់ប្តូររចនាបទតែបន្តិចបន្តួចប៉ុណ្ណោះ ជាពិសេស ម៉ូឌែលអេក្រង់ ១០.៥ អីុញ ដែលមានកម្រាស់ និងគែមអេក្រង់ឆ្វេងស្តាំស្តើងជាងមុនបន្តិច ប៉ុន្តែ គែមលើក្រោមនៅតែក្រាស់ដដែល ដើម្បីទុកកន្លែងសម្រាប់ដាក់បន្ទះ Touch ID។
សម្រាប់ iPad Pro ជំនាន់ក្រោយវិញ ប្រសិនបើ Apple ប្តូរ Touch ID ចេញ ហើយដាក់ Face ID ចូលពិតមែននោះ គេមិនច្បាស់ថា ក្រុមហ៊ុននឹងកែប្រែរចនាបទរបស់វាម្តងទៀត ដើម្បីឱ្យអាចបំពាក់អេក្រង់ស្ទើរគ្មានស៊ុមដូច iPhone X ដែរឬក៏យ៉ាងណានោះទេ។
ប៉ុន្តែ វាពិតជាអាចទៅរួចសម្រាប់ឧបករណ៍ iPad ដែលមានអេក្រង់ជាង ១០ អីុញ ក្នុងការបំពាក់ប្រព័ន្ធកាមេរ៉ា TrueDepth សម្រាប់ស្គេនកំណត់អត្តសញ្ញាណផ្ទៃមុខមនុស្ស និងផ្ទៃអេក្រង់មុខលាតសន្ធឹងស្ទើរគ្មានគែមជុំវិញនោះ៕
ប្រភពព័ត៌មានៈ businessinsider
មតិយោបល់