ព័ត៌មានបច្ចេកវិទ្យា

របាយការណ៍ពីអ្នកប្រើប្រាស់ៈ Galaxy Note 8 ជួបបញ្ហាគាំងទាល់តែចុច Hard Restart

យោងតាមគេហទំព័រ Gadgets360បានឱ្យដឹងថា មានអ្នកប្រើប្រាស់ Galaxy Note 8 មួយចំនួន​ បានចូលទៅកាន់វេទិកាពិភាក្សាតាមប្រព័ន្ធអនឡាយរបស់ក្រុមហ៊ុន Samsung និងលើកឡើងអំពីបញ្ហាទូរសព្ទស៊េរីថ្មីដ៏ទំនើបរបស់ពួកគេ ឧស្សាហ៍ជាប់គាំងពុំអាចឆ្លើយតបចំពោះការចុចបញ្ជាពីម្រាមដៃបាន។

ប្រភពដដែលឱ្យដឹងបន្ថែមថា មានអ្នកប្រើប្រាស់ជាច្រើនរាយការណ៍ពីភាពមិនប្រក្រតីនេះ ហើយថាវាចាប់ផ្តើមតាំងពីក្រោយថ្ងៃបើកសម្ពោធខែកញ្ញាមកម្លេះ​។ លើសពីនេះ គឺគ្មានកម្មវិធី ឬសេវាកម្មណាត្រូវបានដាក់ចេញដើម្បីជួសជុលនៅឡើយទេ។

បើតាមការលើកឡើងរបស់អ្នកប្រើប្រាស់ ទូរសព្ទរបស់ពួកគេគាំងនៅពេលប្រើប្រាស់កម្មវិធីដូចជា​ Speed Dial, Contacts, Phone, និង Messager ហើយការសាកថ្មចោលពេញមួយយប់ក៏កំពុងបង្កឱ្យ Note 8 គាំងមួយរំពេចនៅពេលខ្លះផងដែរ។

ដើម្បីដោះស្រាយបញ្ហានេះ ម្ចាស់ Note 8 ត្រូវបង្ខំចិត្តចុច Restart ម៉ាស៊ីន (ចុចជាប់លើប៊ូតុងបិទ/បើក ឬប៊ូតុង Power) ឬទុកទូរសព្ទចោលរហូតដល់អស់ថ្មរលត់។

ទោះយ៉ាងណា បញ្ហានេះគឺទំនងមិនមែនកើតឡើងដោយសារកំហុសឆ្គងផ្នែក Hardware ដូច Note 7 នោះទេ ប៉ុន្តែ ដោយសារប្រព័ន្ធកម្មវិធី​ ដែលអាចដោះស្រាយបានតាមរយៈការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ Android ឱ្យឡើងដល់ជំនាន់ចុងក្រោយបង្អស់តាមរយៈទូរស័ព្ទផ្ទាល់៕

ប្រភពព័ត៌មានៈ gadgets.ndtv

មតិយោបល់