លោក Richard Browning អ្នកច្នៃបង្កើតថ្មីមួយរូបដែលបានព្យាយាមផលិតចេញអាវដែក អាចពាក់ហោះបានដូចតួអង្គ Ironman ក្នុងរឿងហូលីហ្វូតជាយូរមកនោះ ឥឡូវត្រូវបានកត់ត្រាចូលក្នុងសៀវភៅឯកត្តកម្មពិភពលោក Guinness World Records ហើយនៅថ្ងៃទី ៩ វិច្ឆិកា ២០១៧។ នេះបើយោងតាមការចុះផ្សាយលើគេហទំព័រ Guinness World Recordsនៅថ្ងៃព្រហស្បត្តិ៍។
កំណត់ត្រាថ្មីនេះ គឺធ្វើឡើងបន្ទាប់ពីលោកបានបង្ហាញឈុតអាវដែកហោះកាត់លើផ្ទៃបឹងមួយកន្លែងក្នុងទីក្រុង Reading ប្រទេសអង់គ្លេស ជាមួយល្បឿន ៥១.៥៣ គីឡូម៉ែត្រ/ម៉ោង គឺលឿនបំផុតក្នុងពិភពលោក សម្រាប់អាវបំពាក់ម៉ាស៊ីនហោះ។
នៅក្នុងអំឡុងពេលនោះដែរ ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Gravity របស់អង់គ្លេសរូបនេះ បានប៉នប៉ងហោះក្នុងល្បឿនលឿនជាងមុន តែមិនបានសម្រេច និងត្រូវធ្លាក់ចូលទៅក្នុងទឹកបឹង។
គួរបញ្ជាក់ថា ឈុតអាវដែករបស់លោកគឺមានទម្ងន់ ២២ គីឡូក្រាម និងបំពាក់កូនកង្ហារហ្គាស ៦ (ដៃម្ខាងៗមួយគូ និងនៅក្រោយខ្នង២)។ ចំពោះការគ្រប់គ្រងការហោះហើរវិញ គឺពឹងផ្អែកទៅលើចលនារាងកាយលោកទាំងស្រុង ពោលគឺគ្មានឧបករណ៍បញ្ជាពីចម្ងាយអ្វីឡើយ៕
មតិយោបល់