យោងតាមបញ្ជីរាយនាមប្រទេសដែលមានស៊ូភើកុំព្យូទ័រ (កុំព្យូទ័រមហាកម្លាំង) កំពូលខ្លាំងចំនួន ៥០០ បានឱ្យដឹងថា សាធារណរដ្ឋប្រជាមានិតចិន មានចំនួនកុំព្យូទ័រប្រភេទនេះច្រើនជាងគេបំផុត វ៉ាដាច់ទាំងអាមេរិកថែមទៀតផង។
ក្នុងនោះ មហាយក្សអាស៊ីគឺមានប្រព័ន្ធកុំព្យូទ័រដ៏ខ្លាំងមហិមាបំផុតចំនួន ២០២ ខណៈអាមេរិកមានត្រឹម ១៤៣ ដែលនេះ គឺចំនួនមួយទាបបំផុត ចាប់តាំងពីមានការចាត់ថ្នាក់ស៊ូភើកុំព្យូទ័រ Top500 រយៈពេល ២៥ ឆ្នាំមកនេះ។ តែយ៉ាងណាក៏ដោយ អាមេរិកនៅតែឈរនៅលំដាប់លេខរៀងទីពីរ បន្ទាប់ពីចិន ហើយលេខរៀងទីបី គឺបានទៅលើប្រទេសជប៉ុន ដែលមានប្រព័ន្ធស៊ូភើកុំព្យូទ័រចំនួន ៣៥។
យោងតាមរបាយការពី Top500 ចិនបានបង្កើនចំនួនកុំព្យូទ័រមហាកម្លាំងរបស់ខ្លួនយ៉ាងឆាប់រហ័ស ដែលកាលពី ៦ ខែមុន អាមេរិកជាអ្នកនាំមុខ ដោយមានស៊ូភើកុំព្យូទ័រជាប់ក្នុងបញ្ជី Top500 ចំនួន ១៦៩ ខណៈចិនមានត្រឹមតែ ១៦០។
គួរបញ្ជាក់ថា ស៊ូភើកុំព្យួទ័រគឺជាប្រភេទកុំព្យូទ័រដែលមានសមត្ថភាពខ្លាំងជាងកុំព្យូទ័រធម្មតារាប់ពាន់ដង និងមានទំហំប៉ិនបន្ទប់ដ៏ធំមួយ ហើយជាទូទៅគេប្រើប្រាស់វា ក្នុងការព្យាករណ៍អាកាសធាតុ សាកល្បងអាវុធនុយក្លេអ៊ែរចម្លង និងសកម្មភាពសិក្សាស្រាវជ្រាវទីអវកាសជាដើម។ នេះបើយោងប្រភពព័ត៌មានពីគេហទំព័រ Mashable ចេញផ្សាយនៅថ្ងៃម្សិលមិញ៕
មតិយោបល់